(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នឹងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់របស់ចិន ជូនមន្ត្រីរាជការតាមមន្ទីរ និងអង្គភាពពាក់ព័ន្ធនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ស្អែកនេះ។
យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ត បានឱ្យដឹងថា ជនគោលដៅដែលត្រូវចាក់វ៉ាក់សាំងនេះ រួមមាន មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកតាមបណ្ដាមន្ទីរ អង្គភាព ក្នុងខេត្តទាំងអស់ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ។ ការចាក់វ៉ាក់សាំង នឹងធ្វើឡើងដោយឈរលើគោលការណ៍ស្ម័គ្រចិត្តនេះ នឹងចាប់ផ្តើមនៅតាមទីតាំងដែលរដ្ឋបាលខេត្តបានរៀបចំ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង១១កន្លះព្រឹក និងពេលរសៀលចាប់ពីម៉ោង ២ ដល់ម៉ោង ៤កន្លះ។
ក្នុងសេចក្ដីជូនដំណឹងដដែល រដ្ឋបាលខេត្តសៀមរាបបានបញ្ជាក់ថា ចំពោះប្រជាពលរដ្ឋ និងសាធារណជនទូទៅ ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងនេះ រដ្ឋបាលខេត្តនឹងរៀបចំចាក់ជាបន្តបន្ទាប់នាពេលក្រោយ។
លើសពីនេះ ដើម្បីអនុវត្តតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងក្រសួង-ស្ថាប័នពាក់ព័ន្ធ លើវិធានការទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ កុំឲ្យរីករាលដាលបន្តទៀត រដ្ឋបាលខេត្ត ក៏មិនភ្លេចផ្តល់សារបន្ថែមដល់ប្រជាពលរដ្ឋ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ គឺ «៣ការពារ និង ៣កុំ» ឲ្យជាប់ជានិច្ច៕