(ភ្នំពេញ)៖ យុវជន១៧ក្រុម ដែលមាននិស្សិតប្រមាណ ៩៣នាក់ មកពីគ្រឹះស្ថានឧត្តមសិក្សា១៧ខុសៗគ្នា បានចូលរួមប្រកួតនៅវគ្គផ្តាច់ព្រាត់ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ក្នុងវគ្គផ្តាច់ព្រាត់នៃកម្មវិធីប្រកួតកសាងគម្រោងសហគ្រិនភាព និងនវានុវត្តន៍ «Techno Innovation Challenge Cambodia 2021» ដែលរៀបចំដោយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាក្រោមគំរោង CNEUF ជំនួយរបស់ AUF។
កម្មវិធីនេះត្រូវបានគាំទ្រដោយក្រសួងអប់រំយុវជន និងកីឡា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ឧបត្ថម្ភថវិកាដោយទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) ក្នុងគម្រោង CNEUF និងសហការណ៍ឧបត្ថម្ភថវិកាដោយ Khmer Enterprise- សហគ្រិនខ្មែរ Smart Axiata និងសហភាពអ៊ឺរ៉ុប ក្រោមគម្រោង FoodSTEM។
យុវជនទាំង១៧ក្រុមនេះ បានឆ្លងកាត់តាំងពីការចាប់ផ្តើមពីដំបូងដែលមាននិស្សិត ៥៦ក្រុម មកពីគ្រឹះស្ថានឧត្តមសិក្សាប្រមាណជិត២០គ្រឹះស្ថាន បានចូលរួមប្រកួត។ ការជំរុះបានឆ្លងកាត់ជាច្រើនដំណាក់កាលរយៈពេល ៤សប្តាហ៍ រាប់ចាប់តាំងពីការការពារគំនិត ការបណ្តុះបណ្តាលលើបច្ចេកទេសពាណិជ្ជកម្ម ការសំដែងមតិនៅចំពោះសាធារណៈ និងការផលិតវីដេអូ។
ក្រោយពីបានការពារគម្រោងរៀងៗ ខ្លួនគ្រប់ក្រុមអស់ថេរវេលា៥ម៉ោង គណៈកម្មការមេប្រយោគបានធ្វើការប្រកាសលទ្ធផល គឺជ័យលាភីចំនួន ៣ក្រុម និង៣ក្រុមទទួលបានរង្វាន់លើកទឹកចិត្ត។ ជ័យលាភីទាំង៣ក្រុមនេះ មានគម្រោង« SugaPad, Somnol, et Yourspace» ទទួលបានរង្វាន់លេខ១ ចំនួនទឹកប្រាក់ ២០០០ដុល្លារ លេខ២៖ ១៥០០ដុល្លារ, លេខ៣៖ ១០០០ដុល្លារ។
គំរោង «SugaPad» ទាក់ទងនឹងវិស័យសុខាភិបាល និងបរិស្ថាន គឺជាកាផលិតសំឡីអនាម័យដែលផលិតឡើងដោយកាកអំពៅ ជាវត្ថុធាតុដើមងាយស្រួលស្វែងរកនៅទូទាំងប្រទេស និងជាផលិតផលងាយរលាយក្រោយការប្រើប្រាស់។
ដោយសារស្ថានភាពសុខាភិបាលមិនអំណោយផល ក្រុមប្រកួតទាំងឡាយត្រូវការពារគម្រោងរបស់ខ្លួនពីចម្ងាយ និងការផ្សាយបន្តផ្តា ល់លើ ZOOM នៅចំពោះគណៈកម្មការចម្រុះដែលសុទ្ធតែជាអ្នកជំនាញៗ។ ក្រុមនីមួយៗ បានបង្ហាញវីដេអូធ្វើបទបង្ហាញគម្រោងរបស់ខ្លួនដោយសង្កត់ធ្ងន់លើគំនិតផ្តួចផ្តើម គោលបំណងប្រភពហិរញ្ញវត្ថុ និងផែនការទីផ្សាររបស់ខ្លួន ដើម្បីនាំទៅដល់ការបន្តនិរន្តភាពនៃគំរោងរបស់ខ្លួន។
គោលបំណងនៃគម្រោងនេះ គឺជួយលើកទឹកចិត្តស្ត្រីឱ្យប្រើប្រាស់សំឡីប្រភេទនេះ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺមហារីក និងកាត់បន្ថយសំរាមដែលជាសារធាតុរឹង នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សម្រាប់គម្រោង «Somnol» ទាក់ទងនឹងវិស័យកសិកម្ម និងបច្ចេកវិទ្យាចំណីអាហារ។ សំណល់ គឺជាគម្រោងអភិវឌ្ឍ៍ប្រកបដោយនិរន្តរភាព និងការប្រើប្រាស់ឡើងវិញនៃកាកសំណល់ចំណី អាហារស្ងួតសម្រាប់ការចិញ្ចឹមមាន់ និងជួយស្វែងរកទីផ្សារសម្រាប់កសិករ ដែលជួបញ្ហាលំបាកលើផ្នែកសុខាភិបាល បរិស្ថាន និងសេដ្ឋកិច្ច។
ចំណែកឯគម្រោង «Yourspace» វិញទាក់ទងនឹងការអភិវឌ្ឍន៍កម្មវិធីប្រើប្រាស់តាមទូរស័ព្ទចល័ត ដែលប្រើសម្រាប់បង្ហាញទីតាំងទំនេរសម្រាប់អ្នកប្រើប្រាស់តាមតម្រូវការរបស់ខ្លួន ឬប្រើប្រាស់សម្រាប់ជាចំណតរថយន្ត ដើម្បីឱ្យម្ចាស់ទីតាំងទទួលបានប្រាក់ចំណូលពីទីតាំងរបស់ខ្លួនដែលមិនប្រើប្រាស់។
យុវជន ៣ក្រុមទៀត ទទួលបានរង្វាន់លើកទឹកចិត្តចំនួន៥០០ដុល្លារ។ ក្រុមទាំង៣នេះក៏អាចទទួលបានសិទ្ធិដូចជយលាភីទាំង៣ក្រុម ក្នុងការប្រើប្រាស់ទីតាំងសហការងារ នៅក្នុងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក៏ដូចជាចូលរួមក្នុងកម្មវិធីភ្ញាស់គម្រោងរយៈពេលជាង៣ខែ ដើម្បីសម្រេចឱ្យបានក្នុងការកសាងគម្រោងរបស់ខ្លួន ឆ្ពោះទៅការបង្កើតជាផលិតផលពិត និងអភិវឌ្ឍន៍គំនិតពាណិជ្ជកម្ម នៃគម្រោងទាំងឡាយរបស់ខ្លួនបញ្ចូលក្នុងទីផ្សារជាក់ស្តែង។
Techno Innovation Challenge Cambodia 2021 គឺជាកម្មវិធីប្រកួតប្រជែងដែលមាននិស្សិតជាច្រើនមានសម្ថភាព និងជំនាញខុសៗគ្នារួមគ្នាបង្កើតជាក្រុម បង្កើតគំនិត កសាង និងបង្ហាញដំណោះស្រាយប្រកបដោយនុវានុវត្តភាព។ គឺជាកម្មវិធីការប្រកួតប្រជែងការច្នៃប្រឌិតនៃការបង្កើតសមិទ្ធផល វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ដែលមានភាពច្នៃប្រឌិតខ្ពស់។
កម្មវិធីនេះត្រូវបានធ្វើឡើងដើម្បីផ្តល់ឱកាសជួយជំរុញ និងលើកទឹកចិត្តសម្រាប់និស្សិតកម្ពុជា ដែលមានគំនិតច្នៃប្រឌិត ភាពជាអ្នកដឹកនាំ សហគ្រិនភាព និងមានគោលបំណងក្នុងការដោះស្រាយបញ្ហាដែលបានកើតឡើងក្នុងប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល ឱ្យបានចូលរួមក្នុងការប្រកួតប្រជែងយកជ័យលាភី និងអភិវឌ្ឍន៍គម្រោងរបស់ខ្លួនឱ្យក្លាយជាអាជីវកម្មមួយពិតប្រាកដ ក្រោមការជួយជ្រោមជ្រែងពីកម្មវិធីទាំងផ្នែកបច្ចេកទេស ផ្នែកសហគ្រិនភាព និងផ្តល់ជូនដើមទុនមួយចំនួនផងដែរ http://cneuf.itc.edu.kh (http://cneuf.itc.edu.kh/)៕