(ភ្នំពេញ)៖ ក្រសួងសុខាភិបាលនៅល្ងាចថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ បានចេញប្រកាសជាផ្លូវការពីការបញ្ជាក់ពីការស្លាប់របស់អ្នកជំងឺកូវីដ១៩ ចំនួនពីរនាក់ទៀត ដោយសារជំងឺកូវីដ១៩។ មរណភាពនេះ ធ្វើឱ្យអ្នកជំងឺ ១៦នាក់ហើយ បានស្លាប់ដោយសារជំងឺកូវីដ១៩។
យោងតាមសេចក្តីប្រកាសព័ត៌មាន ដែល Fresh News ទទួលបាន បានបញ្ជាក់ថា អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ទាំងពីរនាក់នេះ គឺសុទ្ធតែជាពលរដ្ឋខ្មែរ។
ក្រសួងបានបញ្ជាក់ថា ករណីទី១ ជាស្ត្រីអាយុ ៧០ឆ្នាំ ត្រូវបានបញ្ជាក់ថា មានវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ដែលលទ្ធផលទទួលបានពីមន្ទីរពិសោធន៍ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១។ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ អ្នកជំងឺមានស្ថានភាពហត់ខ្លាំង និងធ្ងន់ធ្ងរតម្រូវឱ្យគ្រូពេទ្យ នៅមណ្ឌលសុខភាពចាក់អង្រែ បញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយអ្នកជំងឺមានជំងឺទឹកនោមផ្អែម និងជំងឺលើសឈាមប្រចាំកាយផង។
ទោះបីក្រុមគ្រូពេទ្យបានខិតខំព្យាបាលដោយយកចិត្តទុកដាក់ តាមលក្ខណៈបច្ចេកទេសយ៉ាងណាក៏ដោយ ក៏មិនអាចជួយសង្គ្រោះអ្នកជំងឺបាន ហើយគាត់បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៦៖៤០នាទីព្រឹក។
ករណីទី២ ជាស្ត្រីអាយុ៦៧ឆ្នាំ ត្រូវបានបញ្ជាក់ថាមានវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ដែលលទ្ធផលទទួលបានពីមន្ទីរពិសោធន៍ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយអ្នកជំងឺត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃដដែល។
ដោយសារអ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរ តាំងពីដំបូងដែលតម្រូវឱ្យក្រុមគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើម ដើម្បីជួយសង្គ្រោះ និងខិតខំព្យាបាលដោយ យកចិត្តទុកដាក់តាមលក្ខណៈបច្ចេកទេសយ៉ាងណាក៏ដោយ ក៏មិនអាចជួយសង្គ្រោះអ្នកជំងឺបាន ហើយគាត់បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១០៖៣០នាទីព្រឹក។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ បានបញ្ជាក់ថា ស្ត្រីអាយុ៧០ឆ្នាំខាងលើ បានស្លាប់បាត់បង់ជីវិតដោយសារស្រីរូបនេះ មានជំងឺទឹកនោមផ្អែមលើស សម្ពាធឈាមប្រចាំកាយ រួមទាំងមានវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរស្រួចស្រាវ និងរលាកសួតសងខាងធ្ងន់ធ្ងរ ដោយសារវីរុសកូដ-១៩។
ដោយឡែកស្ត្រីអាយុ៦៧ឆ្នាំខាងលើ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរស្រួចស្រាវ និងរលាកសួតសងខាងធ្ងន់ធ្ងរ ដោយសារវីរុសកូវីដ-១៩។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ អ្នកជំងឺកូវីដ១៩ ហើយស្លាប់ដោយការធ្វើទុក្ខពីមេរោគកូវីដ១៩ មានចំនួន ១៦នាក់ហើយ រួមមាន៖
* ទី១៖ បុរសជនជាតិខ្មែរ អាយុ៥០ឆ្នាំ បានស្លាប់នៅមន្ទីរមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។
* ទី២៖ ស្រ្តីជនជាតិខ្មែរ ឈ្មោះ ងឿន សុថានី អាយុ៦២ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ (ភរិយា លោក ហួរ ឡាវី)
* ទី៣៖ បុរសជនជាតិខ្មែរ ឈ្មោះ គឹម ឃីស៊ុន អាយុ៤៦ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។
* ទី៤៖ បុរសជនជាតិខ្មែរ អាយុ៧៥ឆ្នាំ ឈ្មោះ ស្តើង ជា បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១។
* ទី៥៖ ស្រ្តីជនជាតិខ្មែរ ឈ្មោះ អ៉ិន ម៉ានីតា ភេទស្រី អាយុ៦២ឆ្នាំ (ជាម្តាយតារាកំប្លែងស្រីពីន) រស់នៅក្រោយផ្សារសឡា ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
* ទី៦៖ ឈ្មោះ ឈាន ប៊ុនធឿន ហៅឌីជេប៊ុម ជនជាតិខ្មែរ ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិកណ្តាល ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
* ទី៧៖ ឈ្មោះ Wu Jiannan ជនជាតិចិន ភេទប្រុស ៤៣ឆ្នាំ ជាបុគ្គលិកកាស៊ីណូ នៅស្រុកកោះធំ ខេត្តកណ្តាល។
* ទី៨៖ ឈ្មោះ ថន ចាន់ធឿន អាយុ៥៥ឆ្នាំ មន្រ្តីនគរបាលចរាចរណ៍ ស្រុកកំណើត នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
* ទី៩៖ ស្ត្រីជនជាតិខ្មែរ ឈ្មោះ ប៉ែន ស៊ីណុន អាយុ៤៣ឆ្នាំ នៅខេត្តព្រះសីហនុ។
* ទី១០៖ ស្រ្តីជនជាតិខ្មែរ ឈ្មោះ Hou Houy នៅខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ អាយុ៧២ឆ្នាំ។
* ទី១១៖ អ្នកជំងឺអាយុ៧៦ឆ្នាំ រស់នៅភូមិ២ ឃុំព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង ស្លាប់នៅមន្ទីរពេទ្យរុស្ស៊ី ម៉ោង៧៖០៥នាទីយប់ ថ្ងៃទី២៧ ខែមីនា
* ទី១២៖ អ្នកជំងឺ ភេទស្រី អាយុ៥៦ឆ្នាំ រស់នៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ស្លាប់នៅវេលាម៉ោង១០៖៣៧នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០១ នៅមន្ទីរពេទ្យរុស្ស៉ី។
* ១៣៖ អ្នកជំងឺកូវីដ១៩ អាយុ២៨ឆ្នាំ រស់នៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិត ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ម៉ោង ១៤៖៤០នាទីរសៀលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
* ១៤៖ អ្នកជំងឺកូវីដ១៩ ភេទស្រី អាយុ៥៦ឆ្នាំ រស់នៅសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ បានស្លាប់នៅល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យរុស្ស៉ី។
* ១៥៖ អ្នកជំងឺកូវីដ១៩ ភេទស្រី អាយុ៧០ឆ្នាំ រស់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ស្លាប់នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ នៅមន្ទីរពេទ្យរុស្ស៉ី។
* ទី១៦៖ អ្នកជំងឺអាយុ ៦៧ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ស្លាប់នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១។
អ្នកជំងឺកូវីដ១៩ ដែលស្លាប់ដោយសារអាការរោគផ្សេងមាន៤នាក់រួមមាន៖
* ១៖ បុរសជនជាតិចិន ឈ្មោះ ឡាយ ប៊ីនស៊ាង អាយុ ៣៣ឆ្នាំ។ ស្លាប់នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ដោយសារការរើមេថ្នាំញៀនធ្ងន់ធ្ងរបណ្តាលឱ្យគាំងបេះដូង។
* ២៖ បុរសជនជាតិខ្មែរអាយុ ៦៩ឆ្នាំ នៅភូមិជ័យឧត្តម ឃុំព្រែកខ្សាយ «ខ» ស្រុកពាមរក៍ ខេត្តព្រៃវែង។ ស្លាប់នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ដោយសារជំងឺស្ទះសរសៃឈាមបេះដូង។
* ៣៖ ស្ត្រីជនជាតិខ្មែរអាយុ ៤៣ឆ្នាំ មានអាសយដ្ឋាននៅខេត្តព្រះសីហនុ។ ស្លាប់នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ដោយសារបាត់បង់ឈាមច្រើនយ៉ាងគំហុក។
* ៤៖ បុរសជនជាតិខ្មែរអាយុ ៣៩ឆ្នាំ នៅលំនៅឋាននៅឧទ្យានទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ស្លាប់នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ដោយសារជំងឺស្ទះសរសៃឈាមបេះដូង៕