(កោះកុង)៖ ដើម្បីចូលរួមទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងដើម្បីអនុវត្តន៍តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០១ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យមើលការចាក់វ៉ាក់សាំង ជាលើកទី១ ដើម្បីការពារ ទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដល់មន្ត្រីអគ្គីសនី បុគ្គលិកក្រុមហ៊ុនសេវាករអគ្គីសនី មន្ត្រីរាជការ គ្រប់ស្ថាប័ណ្ណរដ្ឋ។
លោកស្រី មិថុនា ភូថង បានថ្លែងឲ្យដឹងថា ថ្ងៃទី០១ ខែមេសានេះ មន្ត្រីក្របខ័ណ្ឌរដ្ឋបុគ្គលិក ក្រុមហ៊ុនសេវាករអគ្គីសនី ត្រូវបានមន្ទីរសុខាភិបាល បានអនុញ្ញាតឲ្យមកចូល រួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស្ថិតនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ដើម្បីចូលរួមទប់ស្កាត់ការពារនៃការរីករាលដាល ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលកំពង់មានហានិភ័យខ្ពស់។
លោកស្រីបានបន្តថា ទោះបីយើងបានការចាក់ថ្នាំវ៉ាក់សាំងការពារកូវីដ១៩ហើយក៏ដោយ តែសូមបន្តការប្រុងប្រយ័ត្នឲ្យខ្ពស់ជាប់ជានិច្ច ហើយត្រូវអនុវត្តន៍តាមការណែនាំ ផ្សព្វផ្សាយ អបរំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាលនូវពាក្យស្លោ (៣ការពារ ៣កុំ) ជាប់ជានិច្ចដោយមិនត្រូវមានការធ្វេសប្រហែសឡើយ ពីព្រោះជំងឺកូវីដ១៩នេះ វាមានហានិភ័យខ្ពស់វាអាចឆក់យកអាយុជីវិតមនុស្សលឿនណាស់ដូច្នេះសូមចូលរួមទប់ស្កាត់ទាំងអស់គ្នា។
លោកតំណាងមន្ត្រីរាជការទាំងអស់ បានបង្ហាញក្តីសោមនោស្សរីករាយក្រៃលែង និងអរគុណដល់រាជរដ្ឋាភិបាល និងសប្បុរសជនដែលបានចំណាយថវិកាចូលរួមជាមួយ រាជរដ្ឋាភិបាលក្នុងការយកចិត្តទុកដាក់មកលើមន្ត្រីរាជការ និងប្រជាពលរដ្ឋដោយបានទិញថ្នាំវ៉ាក់សាំងការពារ ក្នុងការចូលរួមទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍៕