(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានចុះពិនិត្យការដ្ឋានសាងសង់ស្ថានីយ៍ស្រាវជ្រាវ ផលិតកូនត្រីពូជ ជាច្រើនប្រភេទ ពិសេសអភិរក្សនៃត្រីប្រភេទមេពូជកម្រៗ ដែលមានក្នុងខេត្តស្ទឹងត្រែង នឹងត្រូវត្រូងសាងសង់រួចរាល់នៅចុងឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិសាមឃួយ ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
ទន្ទឹមនឹងនោះលោកអភិបាលខេត្ត បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ១លានរៀល ជូនក្រុមកម្មករនៅការដ្ឋាន ដើម្បីលើកទឹកក្នុងការខិតខំប្រឹងប្រែងបំពេញការងារ ពិធីនេះមានកាអមដំណើរពីនាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ម្សិលមិញ។
លោក ម៉ុម សារឿន បានលើកឡើងថា «ស្ថានីយ៍ស្រាវជ្រាវ និងផលិតកូនត្រីពូជ នេះយ៉ាងយូរត្រឹមចុងឆ្នាំ២០២១ ការដ្ឋានសាងសង់ស្ថានីយ៍មួយនេះនឹងលិចចេញជារូបរាងឡើង ហើយយើងទាំងអស់គ្នាសង្ឃឹមថាស្ថានីយ៍នេះនឹងអាចរួមចំណែកបង្កើនបានពូជកូនត្រី ជាច្រើនប្រភេទ ពិសេសអភិរក្សនៃត្រីប្រភេទមេពូជដែលកម្រៗ ដែលមានក្នុងខេត្តស្ទឹងត្រែង និងបានបង្កើតបាននូវផលស្តុកត្រីធម្មជាតិនៅស្ទឹងត្រែងឡើងវិញផងដែរ»។
តាមការបញ្ជាក់របស់ប្រធានស្ដីទីមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការសាងសង់ស្ថានីយ៍ ស្រាវជ្រាវ និងផលិតកូនត្រីពូជ នេះបង្កើតឡើងតាមគម្រោងគ្រប់គ្រងធនធានទឹកចម្រុះទន្លេមេគង្គ (ដំណាក់កាលទី៣) សមាសសភាគទី១ របស់អង្គការ The world Bank។ នេះក៏ជាប្រវត្តិសាស្រ្តថ្មី មួយសម្រាប់បងប្អូនអ្នកខេត្តស្ទឹងត្រែងរង់ចាំនូវការបង្កើតឱ្យមានស្ថានីយ៍ស្រាវជ្រាវ និងផលិតកូនត្រីពូជ ប្រចាំនៅភូមិភាគឦសាន នៃប្រទេសកម្ពុជា៕