(ភ្នំពេញ)៖ ការមិនគោរព និងការរារាំងវិធានការរដ្ឋបាល ប្រឈមនឹងការពិន័យជាទឹកប្រាក់ខ្ពស់បំផុត រហូតដល់ ២០លានរៀល និងប្រឈមនឹងការដាក់ពន្ធនាគារ ខ្ពស់បំផុតរហូតដល់ ៥ឆ្នាំ។ នេះបើយោងតាមខ្លឹមសារទណ្ឌកម្ម ដែលមានចែងនៅក្នុងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ព្រមទាំងទណ្ឌកម្មរដ្ឋបាលបន្ថែមទៀតរួមមានការព្យួរ ឬដកហូតអាជ្ញាប័ណ្ណ វិញ្ញាបនបត្រ ឬលិខិតអនុញ្ញាតប្រកបអាជីវកម្ម ឬការបិទអាជីវកម្ម។

យោងតាមមាត្រា១០ ដែលបានចែងពី «បទមិនគោរពវិធានការរដ្ឋបាល» បញ្ញត្តិថា៖

* ដោយមិនគិតដល់បទល្មើសព្រហ្មទណ្ឌដទៃទៀត អំពើដោយចេតនាមិនគោរពវិធានការរដ្ឋបាល ដែលបានដាក់ចេញស្របតាមច្បាប់នេះ ត្រូវទទួលពិន័យអន្តរការណ៍ ពី១.០០០.០០០(មួយលាន)រៀល ទៅ ៥.០០០.០០០(ប្រាំលាន)រៀល។
* ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦(ប្រាំមួយ)ខែ ទៅ ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី២.០០០.០០០(ពីរលាន) រៀល ទៅ ១០.០០០.០០០(ដប់លាន)រៀល កាលបើអំពើខាងលើនេះបណ្តាល ឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ។
* ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២(ពីរ)ឆ្នាំ ទៅ ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី៥.០០០.០០០(ប្រាំលាន) រៀល ទៅ ២០.០០០.០០០(ម្ភៃលាន)រៀល កាលបើអំពើខាងលើនេះបណ្តាល ឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។

បើយោងតាមមាត្រា១១ ដែលបានចែងពី «បទរារាំងដល់ការអនុវត្តវិធានការ» បញ្ញត្តិថា៖

* អំពើរារាំង ឬបង្កឧបសគ្គដោយចេតនាដល់ ការអនុវត្តវិធានការដែលបានដាក់ចេញស្របតាមច្បាប់នេះ ត្រូវ ផ្តន្ទាទោស ដាក់ពន្ធនាគារពី៦(ប្រាំមួយ)ខែ ទៅ ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី២.០០០.០០០(ពីរលាន)រៀល ទៅ ១០.០០០.០០០(ដប់លាន)រៀល។
* ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២(ពីរ)ឆ្នាំ ទៅ ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី៥.០០០.០០០(ប្រាំលាន)រៀល ទៅ ២០.០០០.០០០(ម្ភៃលាន)រៀល កាលបើអំពើខាងលើនេះបណ្តាល ឱ្យមានការចម្លងជំងឺ កូវីដ-១៩ ដល់អ្នកដទៃ ឬប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។

លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ ក៏បានរំលឹកពីទណ្ឌកម្ម ដែលមានចែងនៅក្នុងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ផងដែរ។

លោក គឹម សន្តិភាព ថ្លែងថា «ការមិនគោរព និងការរារាំងវិធានការរដ្ឋបាល នឹងប្រឈមការទទួលទណ្ឌកម្មព្រហ្មទណ្ឌតាមមាត្រា១០ និងមាត្រា១១ ព្រមទាំងទណ្ឌកម្មរដ្ឋបាលបន្ថែមទៀតរួមមានការព្យួរ ឬដកហូតអាជ្ញាប័ណ្ណ វិញ្ញាបនបត្រ ឬលិខិតអនុញ្ញាតប្រកបអាជីវកម្ម ឬការបិទអាជីវកម្ម ដែលមានកំណត់ក្នុងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត»

បន្ថែមលើនេះ យោងតាមមាត្រា៣ នៃអនុក្រឹត្យលេខ៥៧ ចេញថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ស្តីពីវិធានការរដ្ឋបាល ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត បានចែងលម្អិតពីវិធានការរដ្ឋបាលចាំបាច់នានា ដែលត្រូវអនុវត្ត។

អនុក្រឹត្យបានចែងអំពីវិធានការរដ្ឋបាលចាំបាច់នានាដែលត្រូវអនុវត្ត មានជាអាទិ៍៖

* ការរឹតត្បិត ឬការហាមឃាត់ការធ្វើដំណើរ
* ការរឹតត្បិត ឬការហាមឃាត់ការជួបជុំ និងការប្រមូលផ្តុំមនុស្សដែលសកម្មភាពនេះអាចបណ្តាលឱ្យមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩
* ការហាមឃាត់ ឬការកម្រិតការធ្វើសកម្មភាពការងារ ឬមុខរបរដែលជាហានិភ័យ ឬជាប្រភពនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩
* ការរឹតត្បិត ឬហាមឃាត់ការធ្វើចរាចរណ៍ចេញ-ចូលតំបន់ ឬទីកន្លែងដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩
* បម្រាមគោចរ
* ការបិទខ្ទប់តំបន់ ឬទីកន្លែងដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩
* ការរឹតត្បិត ឬការហាមឃាត់ការធ្វើពាណិជ្ជកម្មលើទំនិញដែលជាហានិភ័យ ឬជាប្រភពនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និង
* វិធានការរដ្ឋបាលផ្សេងទៀតដែលមានភាពចាំបាច់ ដើម្បីឆ្លើយតប និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕