(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ មន្ទីរសុខាភិបាលខេត្តព្រៃវែង បានរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនមន្ត្រីរាជការទូទាំងខេត្តព្រៃវែង។

លោកវេជ្ជបណ្ឌិត សេង បញ្ញាឫទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង បានឲ្យដឹងថា មន្ទីរសុខាភិបាល បានរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជំហានទី២ ជូនដល់បុគ្គលិកមន្រ្តីរាជការមន្ទីរអង្គភាព ទូទាំងខេត្ត ដែលមានអាយុពី១៨ឆ្នាំឡើងទៅ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត និងឥតគិតថ្លៃ នៅតាមមន្ទីរពេទ្យបង្អែកចំនួន១៣កន្លែង ក្នុងខេត្តព្រៃវែង ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះតទៅ ជារៀងរាល់ថ្ងៃ រៀងរាល់ម៉ោងធ្វើការ។

លោកវេជ្ជបណ្ឌិត បានបន្តទៀតថា ចំនួនវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលត្រូវចាក់ជូនដល់មន្ត្រីរាជការ មន្ទីរអង្គភាព អាជ្ញាធរ ក្រុង ស្រុក នេះមានចំនួន៤២,២៣០ដូស ដែលស្មើនឹងចំនួនមនុស្សជាង២ម៉ឺននាក់។

លោកវេជ្ជបណ្ឌិតក៏បានលើកឡើងផងដែរថា ទាំងនេះគឺជាការយកចិត្តទុកដាក់ដ៏ធំធេង ចំពោះសុខភាពអាយុជីវិតរបស់ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋ មន្ត្រីរាជការ មន្ទីរអង្គភាព អាជ្ញាធរ ក្រុង ស្រុកទាំងអស់ របស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានទិញខ្លះ និងជំនួយខ្លះ នូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បីចាក់ជូនដល់មន្ត្រីរាជការ បុគ្គលិកមន្ទីរអង្គភាព អាជ្ញាធរ ក្រុង ស្រុកទាំងអស់ ដើម្បីបង្ការទប់ស្កាត់កុំឲ្យមានការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ មកខ្លួនយើង ក៏ដូចជានៅក្នុងសហគមន៍។

លោកវេជ្ជបណ្ឌិត ក៏បានបន្ថែមទៀតថា ចំពោះការចាក់វ៉ាក់សាំងលើកនេះ គឺរៀបចំជាបញ្ជីឈ្មោះ មានការហៅឈ្មោះចែកម៉ោង ចែកពេលវេលាបានយ៉ាងត្រឹមត្រូវ ដោយមិនឲ្យមានការកកស្ទះនោះទេ។ លោកវេជ្ជបណ្ឌិតបន្ដថា ទោះបីជាយើងបានចាក់នៅវ៉ាក់សាំងការពារជំងឺកូវីដ១៩ ក៏ពិតមែន ក៏ប៉ុន្តែយើងត្រូវតែបន្តអនុវត្ត តាមប្រសាសន៍របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលដោយត្រូវអនុវត្តតាម ៣ការពារ និង៣កុំ ឲ្យបានខ្ជាប់ខ្ជួន ដោយមិនត្រូវភ្លេចខ្លួននោះទេ។

ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត ក៏សូមផ្ដាំផ្ញើដល់មន្ត្រីរាជការ មន្ត្រីមន្ទីរអង្គភាពទាំងអស់ ដែលទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រួចហើយសូមជៀសវាងការធ្វើការធ្ងន់ ហាមប្រើប្រាស់គ្រឿងស្រវឹង ហាមប៉ះពាល់កន្លែងចាក់ សំរាមឲ្យបានត្រឹមត្រូវ និងញ៉ាំអាហារបំប៉នឲ្យបានគ្រប់គ្រាន់៕