(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់មន្ត្រីគ្រប់ផ្នែកទាំងអស់ ដើម្បីចូលរួមការពារការរីករាលដាលនៃជំងឺកូវីដ១៩។
តាមការគ្រោងទុក ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងចាក់ជូនមន្រ្តីរបស់ខ្លួនប្រមាណជិត១ពាន់នាក់ ឲ្យអស់ក្នុងរយៈពេល៦ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១។
ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្នុងថ្ងៃបើកយុទ្ធនារការចាក់វ៉ាក់សាំង, លោក វង សូត រដ្ឋមន្រ្តី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ជាក់ថា ក្រសួងបានកំណត់គោលដៅហើយថា ក្នុង១ថ្ងៃ នឹងចាក់ជូនមន្រ្តីឲ្យបានយ៉ាងតិច២០០នាក់។
ជាមួយគ្នានោះ លោកក៏បានរំលឹកផងដែរថា ទោះបីបងប្អូនទាំងអស់គ្នា បានចាក់វ៉ាក់រួចរាល់ក៏ដោយ ត្រូវតែបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការនានា របស់រាជរដ្ឋាភិបាល និង របស់ក្រសួងសុខាភិបាលជាដើម កុំបីធ្វេសប្រហែសឡើយ គឺ៣ការពារ និង៣កុំ៕