(ភ្នំពេញ)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានចូលរួមកិច្ចប្រជុំថ្នាក់ទេសាភិបាល ធនាគារកណ្តាលអាស៊ានលើកទី១៧, កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ានលើកទី៧ និងកិច្ចប្រជុំពាក់ព័ន្ធ តាមរយៈប្រព័ន្ធអនឡាញ ដែលមានប្រទេសព្រុយណេ ជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២១។

កិច្ចប្រជុំនេះមានគោលបំណងពិភាក្សាពី៖

១៖ស្ថានភាពសេដ្ឋកិច្ចតំបន់និងពិភពលោក និងគោលនយោបាយស្តារសេដ្ឋកិច្ចឡើងវិញ។
២៖ វឌ្ឍនភាព និងទិសដៅពង្រឹងសមាហរណកម្មហិរញ្ញវត្ថុអាស៊ាន។

ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ កំណើនសេដ្ឋកិច្ចអាស៊ាននៅឆ្នាំ២០២០ បានធ្លាក់ចុះដល់-៤,៤% ប៉ុន្តែរំពឹងថានឹងងើបឡើងក្នុងអត្រា៥,២% នៅឆ្នាំ២០២១។ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ អាស៊ានបានកំណត់គោលដៅ ពង្រឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការតភ្ជាប់ទិន្នន័យ រវាងប្រទេសក្នុងតំបន់, វិនិយោគបន្ថែមលើធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធនានា សំដៅពង្រឹងផលិតភាពសេដ្ឋកិច្ច គាំទ្រ និងជំរុញការអភិវឌ្ឍ សហគ្រាសធុនតូច និងមធ្យម ដែលនឹងបង្កើតការងារបន្ថែម, ពង្រឹងប្រសិទ្ធភាពនៃការចំណាយសាធារណៈ និងកម្មវិធីគាំពារសង្គម ដើម្បីជួយសម្រាលទុក្ខលំបាក របស់ប្រជាពលរដ្ឋងាយរងគ្រោះ, លើកកម្ពស់ ការប្រើប្រាស់រូបិយវត្ថុក្នុងស្រុក សម្រាប់ប្រតិបត្តិការដោះដូរក្នុងតំបន់ និងពង្រីកកិច្ចសហប្រតិបត្តិការ និងសមាហរណកម្មតំបន់បន្ថែមទៀត។

ចំពោះវឌ្ឍនភាពនៃសមាហរណកម្មអាស៊ាន កិច្ចប្រជុំបានអបអរសាទរ ចំពោះការសម្រេចបានការងារមួយចំនួន ដែលជួយជំរុញសមាហរណកម្មឱ្យកាន់តែស៊ីជម្រៅ។ សមាហរណកម្មហិរញ្ញវត្ថុអាស៊ាន មានគោលដៅបើកទូលាយលំហូរមូលធនក្នុងតំបន់, ការផ្តល់និងទទួលបានសេវាហិរញ្ញវត្ថុ, ការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុតំបន់ដោយសុវត្ថិភាព, ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងការតភ្ជាប់ប្រព័ន្ធទូទាត់តំបន់ សំដៅគាំទ្រការអភិវឌ្ឍសហគមន៍សេដ្ឋកិច្ចអាស៊ាន។

ក្នុងឆ្នាំ២០២០កន្លងទៅ ប្រទេសជាសមាជិកអាស៊ានបានសម្រេចការងារ ជំរុញសមាហរណកម្មចំនួន១៩ ក្នុងចំណោមការងារដែលបានគ្រោងចំនួន២៨ ក្នុងនោះកម្ពុជាទទួលបានពិន្ទុខ្ពស់ ក្នុងការបើកទូលាយលំហូរមូលធន និងសេវាហិរញ្ញវត្ថុ បន្ទាប់ពីសិង្ហបុរីហើយក៏បានឈានមុខ ក្នុងការតភ្ជាប់ប្រព័ន្ធទូទាត់តំបន់ ដូចជាបានតភ្ជាប់ជាមួយប្រទេសថៃ និងកំពុងតភ្ជាប់ជាមួយសមាជិកផ្សេងទៀតដូចជា សិង្ហបុរី ម៉ាឡេស៊ី និងវៀតណាម ជាដើម។

ចំពោះបរិយាបន្នហិរញ្ញវត្ថុ កម្ពុជាក៏បានលើកកម្ពស់ការប្រើប្រាស់សេវាហិរញ្ញវត្ថុ ជាពិសេសចំពោះស្ត្រី ដែលបច្ចុប្បន្នមានប្រជាជនពេញវ័យ ប្រមាណ៧១% ទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ ស្របតាមគោលដៅរបស់អាស៊ាន៧០% នៅឆ្នាំ២០២០។

ទោះយ៉ាងណាកម្ពុជា មានកម្រិតអភិវឌ្ឍធនធានមនុស្សទាប ជាងប្រទេសអាស៊ានមួយចំនួន ដើម្បីបន្ថយគម្លាតនេះ កម្ពុជាក៏ដូចជាប្រទេសវៀតណាម ឡាវ ភូមា និងព្រុយណេ ទទួលបានការបណ្តុះបណ្តាល និងចែករំលែកបទពិសោធន៍ពី បណ្តាប្រទេសជាសមាជិកដែលមានសេដ្ឋកិច្ចរីកចម្រើន។

ក្នុងគោលដៅបន្តជំរុញសមាហរណកម្មហិរញ្ញវត្ថុ បរិយាបន្នហិរញ្ញវត្ថុ និងស្ថិរភាពហិរញ្ញវត្ថុ កាន់តែស៊ីជម្រៅថែមទៀត ស្របតាមផែនការយុទ្ធសាស្ត្រ សហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ កិច្ចប្រជុំបានអនុម័តលើការងារសំខាន់ៗចំនួន៣រួមមាន៖

១៖ ឯកសារគោលនយោបាយស្តីពី វិធានការគ្រប់គ្រងលំហូរមូលធន។

២៖ ការរៀបចំពិធីសារ សម្រាប់សេវាហិរញ្ញវត្ថុកញ្ចប់ទី៩ ដែលនឹងពង្រីកការធ្វើ សេរីភាវូបនីយកម្មលើវិស័យ, អនុវិស័យមួយចំនួនបន្ថែមទៀត ជាពិសេសលើវិស័យធានារ៉ាប់រង។

៣៖ ការបង្កើតក្រុមប្រឹក្សា Taxonomy (Taxonomy Board) ដែលមានតួនាទីអភិវឌ្ឍក្របខ័ណ្ឌ និងគោលការណ៍នានា សំដៅអភិវឌ្ឍវិស័យហិរញ្ញវត្ថុប្រកបដោយចីរភាព ដោយគិតគូរពីបរិស្ថាន។

សូមជម្រាបថា នៅឆ្នាំ២០២២ខាងមុខកម្ពុជានឹងធ្វើជា ប្រធានអាស៊ាន ហើយធនាគារជាតិនៃកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ថ្នាក់ទេសាភិបាលធនាគារកណ្តាលអាស៊ាន លើកទី១៨ និងកិច្ចប្រជុំពាក់ព័ន្ធ៕