(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ បានប្រាប់បណ្ដាញព័ត៌មានផ្លូវការ Fresh News បន្ថែមលើសេចក្តីប្រកាសថា បុគ្គលដែលបម្រើការងារនៅស្ថាប័នរដ្ឋ និងឯកជន ដែលចេញពីធ្វើការក្រោយម៉ោង៨យប់ ស្ថិតក្នុងបំរាមគោចរដែលបានដាក់ចេញនេះ គឺត្រូវមានលិខិតបញ្ជាក់ពីប្រធានអង្គភាព ឬក្រុមហ៊ុន និងតម្រូវឲ្យពាក់កាតជាប់ខ្លួនជានិច្ចពេលធ្វើដំណើរ។
ការចេញមកបញ្ជាក់បន្ថែមពីរបស់លោកអភិបាលសាលារាជធានីភ្នំពេញ ធ្វើឡើងបន្ទាប់ពីមានចម្ងល់ជាច្រើនរបស់មហាជន នៅលើបណ្ដាញសង្គម Facebook ពិសេសប្រជាពលរដ្ឋដែលបម្រើការងារនៅក្រុមហ៊ុនឯកជន និងស្ថាប័នរដ្ឋមួយចំនួន ហើយចេញធ្វើការអាចយូរជាងម៉ោង៨យប់ តើពួកគាត់ត្រូវធ្វើបែបណាទើបអាចធ្វើដំណើរបាន ដោយមិនមានហាមឃាត់ ឬត្រូវផាកពិន័យ?។
អភិបាលរាជធានីភ្នំពេញបានគូសបញ្ជាក់ថា ក្នុងករណីក្រុមហ៊ុនមានបុគ្គលដែលត្រូវចេញពីធ្វើការយប់ ត្រូវសម្រួលការងាររដ្ឋបាល ជូនបុគ្គលិករបស់ខ្លួន ដោយត្រូវចេញលិខិតបញ្ជាក់អំពីពេលវេលាធ្វើការច្បាស់លាស់ នៅក្នុងលិខិតនោះ ហើយឲ្យបុគ្គលដាក់តាមខ្លួនពេលចេញពីធ្វើការ ព្រោះងាយស្រួលបង្ហាញសមត្ថកិច្ចនៅតាមគោលដៅ។
ក្នុងករណីក្រុមហ៊ុនមិនមានបុគ្គលចេញពីធ្វើយប់ទេ ប៉ុន្ដែសរសេរលិខិតដើម្បីកុហកសមត្ថកិច្ចនោះ នៅពេលសមត្ថកិច្ចរកឃើញ នឹងឈានដល់ការចាត់វិធានការក្រុមហ៊ុននោះតែម្ដង។
អភិបាលរាជធានីភ្នំពេញ បានអះអាងទៀតថា សម្រាប់ប្រជាពលរដ្ឋទូទៅដែលត្រូវធ្វើដំណើរបន្ទាន់ភ្លាមៗ មិនអាចខាតបាន ត្រូវផ្ដល់ដំណឹងជាមុនដល់ចៅសង្កាត់ ឬអាជ្ញាធរមូលដ្ឋាន ដើម្បីឲ្យចៅសង្កាត់ ឬអាជ្ញាធរមូលដ្ឋាន ងាយស្រួលប្រាប់ទៅតាមគោលដៅត្រួតពិនិត្យនៅតាមដងផ្លូវ ទើបអាចធ្វើបានដោយគ្មានការហាមឃាត់។
មួយវិញទៀត ក្នុងករណីប្រជាពលរដ្ឋត្រូវការធ្វើដំណើរពេលយប់ ក្នុងម៉ោងដែលត្រូវហាមឃាត់ (មិនបន្ទាន់តែមានកំណត់វេលាច្បាស់លាស់) ត្រូវសុំលិខិតបញ្ជាក់ និងមានវាយត្រាពីចៅសង្កាត់ ឬអាជ្ញាធរមូលដ្ឋាន ដោយប្រាប់អំពីមូលហេតុ និងគោលបំណង នៃការធ្វើដំណើរ ដើម្បីបង្ហាញជូនសមត្ថកិច្ចនៅតាមគោលដៅត្រួតពិនិត្យ។
គួរជម្រាបថា រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចមួយ ដោយផ្អាកការចរាចរ រួមទាំងសកម្មភាពអាជីវកម្ម ការប្រមូលផ្តុំនានា នៅភូមិសាស្រ្តរាជធានីភ្នំពេញ នាពេលយប់ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ រយៈពេល២សប្តាហ៍។ តាមប្រការ១ នៃសេចក្តីសម្រេចនេះ បានឱ្យដឹងថា «ត្រូវបានដាក់ចេញនូវវិធានការរដ្ឋបាលបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅភូមិសាស្រ្តរាជធានីភ្នំពេញ ដែលមានថិរវេលាអនុវត្តរយៈពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១»។
បន្ថែមពីនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវដកហូតមធ្យោបាយអ្នកដែលបន្ដធ្វើដំណើរដោយមិនចាំបាច់ បំពាននឹងបំរាមដែលបានដាក់ចេញ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ។
តាមរយៈសារសំឡេងផ្ញើជូនស្នងការនគរបាលរាជធានីភ្នំពេញ, មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រធានគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានលោក ឃួង ស្រេង បានសង្កត់ធ្ងន់ថា បន្ទាប់ដកហូតមធ្យោបាយហើយនោះ ម្ចាស់ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅក្នុងផ្ទះរៀងៗខ្លូន៕