(ភ្នំពេញ)៖ អំណោយជាខោទឹកនោមសម្រាប់មនុស្សរបស់ លោក ស សុខា និងលោកស្រី កែ សួនសុភី ត្រូវបានយកទៅប្រគល់ជូនលោកវេជ្ជបណ្ឌិត ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីចែកជូនដល់អ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ជាពិសេសស្ត្រីទើបឆ្លងទន្លេ លោកតា លោកយាយ ចាស់ជរា ដែលមានការខ្វះខាតនូវខោទឹកនោមនេះ ដើម្បីជួយសម្រួលទុក្ខលំបាកដល់ពួកគាត់។
អំណោយនេះត្រូវបានលោក ម៉ៅ កេន្នរិទ្ធ ក្រុមការងារអភិវឌ្ឍន៍យុវជនស្រុកពោធិ៍រៀង ខេត្តព្រៃវែង តំណាងលោក សែម គន្ធា ប្រធានការងារអភិវឌ្ឍន៍យុវជនស្រុកពោធិ៍រៀង យកទៅប្រគល់ជូនលោកវេជ្ជបណ្ឌិត ងី ម៉េង នៅរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ។
ក្នុងឱកាសនោះ ក្រុមការងារក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៃក្រសួងសុខាភិបាល ពិសេសសូមថ្លែងអំណរគុណ ដល់លោកគ្រូ អ្នកគ្រូពេទ្យ ដែលបានយកចិត្តទុកដាក់ថែរក្សា ព្យាបាលជំងឺ ដោយមិនគិតពីការនឿយហត់។
តាំងនាមឲ្យក្រុមការងារ លោក ម៉ៅ កេន្នរិទ្ធ សូមសម្តែងនូវកតញ្ញូតាធម៌ជូនចំពោះលោក លោកស្រី អ្នកនាងកញ្ញាទាំងអស់ ដែលបានយកចិត្តទុកដាក់ថែរក្សា ពិសេសការព្យាបាលជូនប្រជាពលរដ្ឋ ដែលទទួលរងនូវជំងឺកូវីដ-១៩នៅទូទាំងកម្ពុជា ពិតជាមានសារៈសំខាន់។
ដោយឡែក ចំពោះអ្នកទទួលរងផលប៉ះពាល់ ក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈកន្លងទៅនេះ សូមចូលរួមពិនិត្យតាមដានអាការៈផ្ទាល់ខ្លួន ជៀសវាងចម្លងដល់ក្រុមគ្រួសារ និងមិត្តភ័ក្រ និងគោរពជូនពរឆាប់ជាសះស្បើយពីជំងឺ ក្នុងពេលដ៏ឆាប់ៗនេះ។ ព្រមទាំងគោរពអនុវត្តនូវអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន ក្នុងវិធានការការពារជំងឺកូវីដគឺ «៣ការពារ និង៣កុំ»៕