(ភ្នំពេញ)៖ ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា បុគ្គលិកអនាម័យ និងសន្តិសុខ ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត ដោយប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១។
ដើម្បីឱ្យយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព ធានាបាននូវវិធានការកំណត់របស់ក្រសួងសុខាភិបាលនោះ ក្រសួងបរិស្ថាន បានអនុវត្តន៍រៀបចំទីតាំងដោយអនុវត្តន៍តាមស្តង់ដារដែលបានកំណត់ ដើម្បីសម្រួលការងារចាក់វ៉ាក់សាំងឲ្យបានដំណើរការល្អ និងអនុវត្តន៍តាមវិធាននានា ដើម្បីការពារសុវត្ថិភាពមន្ត្រី ដែលបានចូលរួមចាក់វ៉ាក់សាំង។ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាសរុបជាង២០០០នាក់ នៃក្រសួងបរិស្ថាន ក្នុងនោះនៅទីស្តីការក្រសួងមានចំនួន៧០០នាក់ និងនៅតាមមន្ទីរបរិស្ថានរាជធានី-ខេត្ត សរុប១៣៩១នាក់ បានស្ម័គ្រចិត្តចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នេះ។
គួរឱ្យដឹងថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាឧបករណ៍ថ្មីមួយបន្ថែមលើវិធានការសុខាភិបាលដែលមានស្រាប់ សម្រាប់ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងសង្គ្រោះជីវិតមនុស្ស ដោយជួយបុគ្គលមិនឱ្យឈឺធ្ងន់នៅពេលឆ្លងជំងឺកូវីដ-១៩ និងកាត់បន្ថយការព្យាបាលនៅមន្ទីរពេទ្យ។ ការចូលរួមចាក់វ៉ាក់សាំង ដោយស្ម័គ្រចិត្តនេះដែរ ក៏ដើម្បីការពារខ្លួនអ្នក ការពារក្រុមគ្រួសារអ្នក និងការពារសហគមន៍យើង ដើម្បីកុំឱ្យវីរុសកូវីដ-១៩ វាយលុកចូលទៅក្នុងខ្លួនយើង ចូលទៅក្នុងផ្ទះរបស់យើង និងចូលសហគមន៍របស់យើង ដែលធ្វើឱ្យមានមហន្តរាយសុខភាពសាធារណៈ ក៏ដូចជាមានការប៉ះពាល់ធ្ងន់ដល់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិផងដែរ។
សូមរម្លឹកថា ដោយអនុវត្តន៍តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បានកំណត់ក្រុមគោលដៅដែលត្រូវចាក់វ៉ាក់សាំង សរុបចំនួន ៧៤ម៉ឺន ៥ពាន់នាក់ សម្រាប់វ៉ាក់សាំង ១,៥លានដូស (សម្រាប់ចំនួនដូសទី១) សម្រាប់ចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (SINOVAC) ដោយត្រូវអនុវត្តន៍ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១តទៅ ជូនក្រុមមនុស្សដែលដល់វេនចាក់វ៉ាក់សាំង តាមបញ្ជីឈ្មោះដែលបានផ្ញើជូនគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩រួចហើយ៕