(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានណែនាំដល់ម្ចាស់បុរី និងអគារខ្ពស់ មិនត្រូវចុះកិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខ ដល់ប្រតិបត្តិករ ដើម្បីផ្តល់សេវាទូរស័ព្ទ និងសេវាអ៊ីនធឺណិត ក្នុងទីតាំងបុរី ឬអគារខ្ពស់ ផ្ទុយពីគោលការណ៍ប្រកួតប្រជែង ដោយស្មោះត្រង់ ស្មើភាព និងស្របច្បាប់ឡើយ។
នេះបើតាមសេចក្តីណែនាំ ស្តីពីវិធានការបង្កើនប្រសិទ្ធភាព និងពង្រឹងគុណភាពសេវាទូរគមនាគមន៍ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
ការចេញសេចក្ដីណែនាំនេះ ក្នុងគោលបំណងលើកកម្ពស់ ផលប្រយោជន៍សាធារណៈ និងការធ្វើអាជីវកម្ម ប្រកបដោយសុចរិតភាព និងការទទួលខុសត្រូវចំពោះសង្គម តាមរយៈការបង្កើនប្រសិទ្ធភាព នៃការផ្តល់សេវាទូរគមនាគមន៍ និងពង្រឹងគុណភាពសេវាទូរស័ព្ទចល័ត ក៏ដូចជាសេវាអ៊ីនធឺណិត។
លើសពីនោះទៀត ក្រសួងប្រៃសណីយ៍ បានឲ្យម្ចាស់បុរី និងអគារខ្ពស់ ត្រូវរៀបចំទីតាំងបម្រុងទុក សម្រាប់សាងសង់ស្ថានីយអង់តែន ក្នុងបុរី ឬរៀបចំបង្គោលភ្លើង ដែលមានលទ្ធភាពបំពាក់ឧបករណ៍ ផ្តល់សេវាទូរគមនាគមន៍។
ក្រសួងប្រៃសណីយ៍ ក៏បានឲ្យម្ចាស់បុរី និងអគារខ្ពស់ ត្រូវសហការជាមួយប្រតិបត្តិករ ដើម្បីបំពាក់ប្រព័ន្ធផ្តល់សេវាក្នុងអគារ (In-building Solutions) និងត្រូវចាត់ទុកថា សេវាទូរគមនាគមន៍ គឺជាសេវាចាំបាច់ ដូចគ្នានឹងសេវាអគ្គិសនី និងទឹកដែរ។
សូមជម្រាបថា ក្រសួងប្រៃសណីយ៍ បាននិងកំពុងខិតខំ បញ្ចប់ការរៀបចំលិខិត បទដ្ឋានគតិយុត្ត ពាក់ព័ន្ធការពង្រឹងគុណភាពសេវាទូរគមនាគមន៍ ការពិន័យអន្តរការណ៍ និងទណ្ឌកម្មផ្សេងៗ ចំពោះប្រតិបត្តិករទូរគមនាគមន៍ ដែលមិនគោរពច្បាប់ ស្តីពីទូរគមនាគមន៍ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងគោលការណ៍ នៃការផ្តល់សេវាប្រកប ដោយគុណភាព។
ទន្ទឹមនឹងនេះ ក្រសួងប្រៃសណីយ៍ បាននិងកំពុងវាស់ស្ទង់គុណភាព សេវាទូរគមនាគមន៍នៅតាមតំបន់នីមួយៗ ដើម្បីកំណត់ចំណុចខ្សោយ ឬបញ្ហានានា ពាក់ព័ន្ធ នឹងគុណភាពសេវា និងដាក់ចេញនូវវិធានការជាក់ស្តែង។ បន្ថែមលើនេះ ក្រសួងប្រៃសណីយ៍ នឹងតម្រូវឲ្យប្រតិបត្តិករទូរគមនាគមន៍វិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធចាំបាច់។
ក្រសួងប្រៃសណីយ៍ នឹងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីសម្របសម្រួលឲ្យមានប្រសិទ្ធភាពខ្ពស់។ ការងារទាំងអស់ខាងលើនេះ គឺជាសកម្មភាពអាទិភាពបំផុត នៃកម្មវិធីកំណែទម្រង់វិស័យ ទូរគមនាគមន៍របស់ក្រសួង៕