(ភ្នំពេញ)៖ លោក បាន លឹម អគ្គនាយករងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) តំណាងលោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារ (ARDB) និងតំណាងសមាគមខ្មែរហាមិលតុន-ភ្នំពេញ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ បានចុះសួរសុខទុក្ខ និងនាំយកអំណោយជួយឧបត្ថម្ភដល់ អង្គការពន្លឺអនាគត នៅមណ្ឌលនៃអង្គការពន្លឺអនាគត ដែលមានទីតាំងស្ថិតនៅភូមិព្រៃល្វា សង្កាត់ចោមចៅ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គការពន្លឺអនាគត បានបង្កើតឡើងនៅឆ្នាំ១៩៩៥ ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅ ផ្តល់ចំណីអាហារ កន្លែងស្នាក់នៅ សំលៀកបំពាក់ សុខមាលភាព អប់រំបណ្តុះ បណ្តាលវិជ្ជាជីវៈ និងបញ្រ្ជៀបការយល់ដឹងអំពីវប្បធម៌ និងសង្គមដល់កុមារកំព្រាដែលគ្មានទីពឹង។ បច្ចុប្បន្នអង្គការពន្លឺអនាគត កំពុងចិញ្ចឹមបីបាច់កុមារកំព្រាចំនួន ៦៦នាក់ ក្នុងនោះកុមារីចំនួន ៣៩នាក់ ដែលមានអាយុចាប់ពី៥ឆ្នាំ ដល់២១ឆ្នាំ និងបណ្តុះបណ្តាលអប់រំចាប់ពីថ្នាក់បឋមសិក្សារហូតដល់មហាវិទ្យាល័យ។
ក្នុងឱកាសនោះលោក បាន លឹម បានពាំនាំការសាកសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់លោក កៅ ថាច ជូនដល់កុមារកំព្រាទាំងអស់ និងគណៈគ្រប់គ្រង ដែលសមាគមខ្មែរ ហាមិលតុន-ភ្នំពេញ តែងគិតគូរយកចិត្តទុក្ខដាក់ជានិច្ច ចំពោះជីវភាពរស់នៅ និងបន្តការឧបត្ថម្ភគាំទ្រដល់ក្មួយៗកុមារកំព្រា នៅក្នុងមណ្ឌលនៃអង្គការពន្លឺ អនាគតនេះជាដរាប។
លោក បាន លឹម ក៏បានផ្តាំផ្ញើដល់ក្មួយៗ ឱ្យខិតខំរៀនសូត្រឱ្យបានពូកែ មានចំណេះដឹងជ្រៅជ្រះ ដើម្បីអនាគតភ្លឺស្វាង និងណែនាំឱ្យអនុវត្តអនាម័យស្អាតជានិច្ច ដើម្បីចៀសផុតពីជំងឺកូវីដ-១៩ ដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺ ៣កុំ និង ៣ការពារ។
លោក នួន សុថេរ៉ូ ប្រធានអង្គការពន្លឺអនាគត បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក កៅ ថាច និងសមាគមខ្មែរហាមិលតុន-ភ្នំពេញ ដែលតែងជួយ ឧបត្ថម្ភគាំទ្រជានិច្ច ចំពោះអង្គការពន្លឺអនាគត ក្នុងការចិញ្ចឹមបីបាច់ក្មួយៗ កុមារកំព្រា ដែលបច្ចុប្បន្នដោយសាវិបត្តិនៃជំងឺកូវីដ-១៩ ឆ្លងរាលដាលចូលសហគមន៍ខ្លាំង អង្គការត្រូវបិទទ្វារ ធ្វើឱ្យជួបបញ្ហាខ្វះខាតស្បៀង ដូចជាអង្ករជាដើម ហើយក្នុងពេលនេះ លោកមានសេចក្តីសប្បាយរីករាយជាខ្លាំង ដោយទទួលបានស្បៀងទាន់ពេល សម្រាប់ក្មេងៗ មានអាហារហូបចុកគ្រប់គ្រាន់ ប្រចាំថ្ងៃជាបន្តទៀត។
សូមបញ្ជាក់ថា អំណោយដែលអង្គការពន្លឺអនាគត ទទួលបានរួមមាន ថវិកា, អង្ករ២តោន និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ដូចជា មី ទឹកត្រី និងទឹកស៊ីអ៊ីវ៕