(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ណែនាំឲ្យប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ មិនត្រូវផ្គត់ផ្គង់សេវាអ៊ីនធឺណិត ដែលមានល្បឿនទាបជាងកញ្ចប់សេវាអ៊ីនធឺណិត ដែលខ្លួនបានផ្សព្វផ្សាយពាណិជ្ជកម្ម និងបានលក់ទៅឲ្យអ្នកប្រើប្រាស់នោះទេ។
នេះបើយោងតាមសេចក្តីណែនាំ របស់ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ស្តីពី «វិធានការបង្កើនប្រសិទ្ធភាព និងពង្រឹងគុណភាពសេវាទូរគមនាគមន៍» ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
សេចក្ដីណែនាំរបស់ក្រសួងប្រៃសណីយ បានបន្តថា ប្រតិបត្តិករទាំងអស់ត្រូវគោរពច្បាប់ ស្តីពីទូរគមនាគមន៍ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធឲ្យបានខ្ជាប់ខ្ជួន និងត្រូវសិក្សា និងធ្វើបច្ចុប្បន្នភាពផែនការសាងសង់ស្ថានីយអង់តែន ឆ្លើយតបនឹងការប្រើប្រាស់ ចំនួនអ្នកប្រើប្រាស់ និងទីតាំងភូមិសាស្ត្រ ដោយត្រូវផ្តល់ផែនការនេះ មកនិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក)។
ចំពោះអ្នកដែលត្រូវស្នើសុំ គឺត្រូវស្នើសុំមក ន.ទ.ក មុនសាងសង់ស្ថានីយអង់តែន និងបណ្តាញទូរគមនាគមន៍ ស្របតាមមាត្រា១៤ និង ១៧ នៃច្បាប់ស្តីពីទូរគមនាគមន៍។ មួយវិញទៀតត្រូវសុំការអនុញ្ញាតនាំចូល-នាំចេញ ផ្គត់ផ្គង់និងចែកចាយ និងវិញ្ញាបនបត្រទទួលស្គាល់ថាប្រភេទ នៃគ្រឿងបរិក្ខារទូរគមនាគមន៍ មក ន.ទ.ក ស្របតាមមាត្រា១៤ ១៥ និង ១៦ នៃច្បាប់ស្តីពីទូរគមនាគមន៍។
ចំណែកថាមពលអគ្គីសនីវិញ ប្រតិបត្តិករត្រូវមាន ថាមពលអគ្គិសនីគ្រប់គ្រាន់ និងមានប្រភពអគ្គិសនី ត្រៀមបម្រុងតាមស្ថានីយអង់តែននីមួយៗ ជៀសវាងការប្រើប្រាស់ និងការដំឡើងឧបករណ៍ទូរគមនាគមន៍ ដូចជា ឧបករណ៍ក្លូន ឧបករណ៍ចាស់ ឬការដំឡើងផ្ទុយពីស្តង់ដារបច្ចេកទេស ជាដើម។
ចំណុចមួយទៀត ត្រូវរៀបចំ និងកែសម្រួលនិម្មាបនកម្មបណ្តាញ (Network Architecture) ដោយមានសេណារីយ៉ូត្រៀមបម្រុង ធានាស្ថិរភាពខ្ពស់ក្នុងការផ្តល់សេវា និងត្រូវពង្រឹងយន្តការថែទាំ តាមដាន ត្រួតពិនិត្យលើប្រតិបត្តិការរបស់ស្ថានីយផ្សាយសេវា (BTS/NodeB/eNodeB) និងបណ្តាញតភ្ជាប់ជាប្រចាំ ព្រមទាំងត្រូវពង្រីកសមត្ថភាពនៃស្ថានីយផ្សាយសេវា និងបណ្តាញតភ្ជាប់ ជៀសវាងការកាត់ផ្តាច់ ឬការកកស្ទះជាយថាហេតុ។
ក្រសួងក៏បានបញ្ជាក់ថា ប្រសិនមានបញ្ហា គឺត្រូវជួសជុលឲ្យបានទាន់ពេលវេលា លើការប៉ះពាល់ដល់ខ្សែកាប្លិ៍អុបទិកក្រោមដី ដែលបណ្តាលមកពីការស្ថាបនា ឬការពង្រីកផ្លូវបន្ថែម ត្រូវផ្គត់ផ្គង់សេវាអ៊ីនធឺណិត ស្របតាមស្តង់ដារបច្ចេកទេស (Sharing Factor) ទៅឲ្យអ្នកប្រើប្រាស់ ដោយមិនត្រូវលើសចំណុះសមត្ថភាព (Capacity) ដែលខ្លួនមាន។
ក្រសួងរំលឹកថា ត្រូវបញ្ជាក់ទំហំទិន្នន័យ និងតម្លៃឲ្យបានច្បាស់លាស់ ក្នុងពេលផ្សាយពាណិជ្ជកម្ម ឈរលើគោលការណ៍សុចរិតភាព និងស្មោះត្រង់ មិនត្រូវផ្គត់ផ្គង់សេវាអ៊ីនធឺណិតដែលមានល្បឿនទាបជាង កញ្ចប់សេវាអ៊ីនធឺណិតដែលខ្លួនបានផ្សព្វផ្សាយពាណិជ្ជកម្ម និងបានលក់ទៅឲ្យអ្នកប្រើប្រាស់នោះឡើយ៕