(ពោធិ៍សាត់)៖ ទេយ្យទានជាគ្រឿងឧបភោគ បរិភោគមួយចំនួនធំ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈឧកញ៉ាបណ្ឌិត ទ្រី ភាព អគ្គនាយកក្រុមហ៊ុនទ្រីភាព និងលោកជំទាវ ឧកញ៉ា គៀន ស្រីនាង ត្រូវបានយកទៅប្រគេនព្រះសង្ឃចំនួន ៣វត្តស្ថិតនៅក្នុងខេត្តពោធិ៍សាត់។
ទេយ្យទានជាអំណោយទាំងនេះ ត្រូវបានក្រុមការងាររបស់លោកឧកញ៉ា ទ្រី ភាព និងលោកជំទាវ យកទៅប្រគេនព្រះសង្ឃទាំង៣វត្ត នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ។ វត្តដែលទទួលបានទេយ្យទាននេះរួមមាន៖ វត្តព្រែកស្តី វត្តហ្លួង និងវត្តបាកាន ស្ថិតនៅក្នុងខេត្តពោធិ៍សាត់។
ទេយ្យទានប្រគេនព្រះសង្ឃទាំងបីវត្ត ក្នុងមួយវត្តទទួលបាន៖ អង្ករ មី ទឹកដោះគោឆៅ ទឹកសុទ្ធ ទឹកក្រូច ដប និងទឹកអាកុល ម៉ាស សាច់ជ្រូកផាត់ និងបច្ច័យចំនួន ២,០០០,០០០រៀល។
ក្នុងឱកាសនោះក្រុមការងារ ក៏បានទូលប្រគេនព្រះសង្ឃចូលរួមអនុវត្តន៍នូវការណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ចូលរួមយុទ្ធនាការផ្សព្វផ្សាយអំពីការរីករាលនៃជម្ងឺឆ្លងដ៏កាចសាហាវកូវីដ-១៩ ដោយទូងស្គរ វាយជួង និងវាយរគាំងជាដើម ដើម្បីដាស់ស្មារតីប្រជាពលរដ្ឋឱ្យចូលប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅកម្ពុជា។ ជាពិសេសជួយអប់រំប្រជាពលរដ្ឋឱ្យអនុវត្តនូវអនុសាសន៍របស់សម្តេចតេជោ «៣ការពារ ៣កុំ» ឱ្យបានម៉ឺងម៉ាត់៕