(ភ្នំពេញ)៖ ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា យោងតាមរយៈ អង្គការសុខភាព ពិភពលោក (WHO) បានបញ្ជាក់យ៉ាងច្បាស់ថា រលកហ្វ្រេកង់ស៍វិទ្យុមិនបង្កឱ្យមានផលប៉ះពាល់ ដល់សុខភាពរបស់អ្នករស់នៅជុំវិញទេ។
ការសាយភាយរលកហ្វ្រេកង់ស៍វិទ្យុពី ស្ថានីយអង់តែន មិនមែនជាការសាយភាយ រលកវិទ្យុសកម្មនោះឡើយ គ្រប់ប្រទេសលើពិភពលោក ក៏បានសាងសង់ និងប្រើប្រាស់ស្ថានីយអង់តែន ដើម្បីផ្តល់សេវាទូរគមនាគមន៍ ដូចប្រទេសកម្ពុជាដែរ។
នេះបើយោងតាមសេចក្តីណែនាំ របស់ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ស្តីពី «វិធានការបង្កើនប្រសិទ្ធភាព និងពង្រឹងគុណភាពសេវាទូរគមនាគមន៍» បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រសិនបើមិនមានស្ថានីយអង់តែន ក៏មិនអាចមានសេវាទូរសព្ទចល័តដែរ ហើយបើប៉ះពាល់ដល់សុខភាព ប្រទេសទាំងអស់នឹងពុំមានស្ថានីយអង់តែននោះទេ»។
ដូច្នេះប្រជាពលរដ្ឋមិនត្រូវរារាំងការសាងសង់ស្ថានីយអង់តែន លើទីតាំងរបស់កម្មសិទ្ធិករដទៃ ដោយយកហេតុផលសុខភាពនោះទេ ព្រោះការរារាំងនេះជាអំពើល្មើសច្បាប់ ដែលមានក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ក្រសួងប្រៃសនីយ៍ បានណែនាំឲ្យប្រើប្រាស់ទូរសព្ទឆ្លាត (Smart phone) ដែលមានគុណភាព ស្តង់ដារបច្ចេកទេស និងម៉ាកសម្គាល់ច្បាស់លាស់ ដើម្បីតភ្ជាប់សេវាងាយស្រួល និងពុំប្រឈមហានិភ័យដល់សុខភាព និងអាយុជីវិត។ គួរពិនិត្យចំណុះល្បឿនអ៊ីនធឺណិត របស់ខ្លួនឱ្យបានទៀងទាត់ ដើម្បីប្រាកដថា ចំណុះល្បឿននោះ ដូចនឹងកញ្ចប់អ៊ីនធឺណិតដែលបានជាវពីប្រតិបត្តិករ។
កត្តាមួយទៀតត្រូវបញ្ឈប់ការដំឡើង និងការប្រើប្រាស់គ្រឿងសម្ភារៈ បរិក្ខារវិទ្យុគមនាគមន៍ ទទួលផ្សាយបន្ត និងគ្រឿងសម្ភារៈបរិក្ខារពង្រីកសេវា ទូរសព្ទចល័តដោយខុសច្បាប់។
ក្នុងនាមជាអ្នកប្រើប្រាស់សេវាទូរគមនាគមន៍ ត្រូវសហការរាយការណ៍ពី បាតុភាពនានាពាក់ព័ន្ធនឹង គុណភាពសេវា មានជាអាទិ៍ ភាពមិនគ្រប់គ្រាន់នៃ វិសាលភាពគ្របដណ្តប់ ភាពយឺតនៃល្បឿនអ៊ីនធឺណិត ឬភាពរអាក់រអួលនៃការហៅចេញ និងការទទួលទូរសព្ទ នៅតាមទីតាំងនានា ទៅកាន់ភ្នាក់ងារបម្រើសេវាអតិថិជន របស់បណ្តាប្រតិបត្តិករទូរគមនាគមន៍ តាមរយៈលេខទូរសព្ទដូចមានក្នុងបញ្ជីជូនភ្ជាប់ជាមួយ។
សម្រាប់ព័ត៌មានបន្ថែម អ្នកប្រើប្រាស់សេវាទូរគមនាគមន៍ អាចទាក់ទងមកនិយ័តករ ទូរគមនាគមន៍កម្ពុជា តាមរយៈលេខ ១២៧២ នៅរៀងរាល់ម៉ោងធ្វើការដោយឥតគិតថ្លៃ។
អាស្រ័យហេតុនេះ សូមប្រតិបត្តិករទូរគមនាគមន៍ និងសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន និងចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវ។
សូមជម្រាបថា ក្នុងគោលបំណងលើកកម្ពស់ ផលប្រយោជន៍សាធារណៈ និងការធ្វើអាជីវកម្ម ប្រកបដោយសុចរិតភាព និងការទទួលខុសត្រូវចំពោះសង្គម តាមរយៈការបង្កើនប្រសិទ្ធភាពនៃ ការផ្តល់សេវាទូរគមនាគមន៍ និងពង្រឹងគុណភាពសេវាទូរសព្ទចល័ត ក៏ដូចជាសេវាអ៊ីនធឺណិត ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមជម្រាបជូនប្រតិបត្តិករទូរគមនាគមន៍ និងសាធារណជនទាំងអស់ មេត្តាជ្រាបថាក្រសួង បាននិងកំពុងខិតខំបញ្ចប់ការរៀបចំ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ការពង្រឹងគុណភាពសេវាទូរគមនាគមន៍ ការពិន័យអន្តរការណ៍ និងទណ្ឌកម្មផ្សេងៗ ចំពោះប្រតិបត្តិករទូរគមនាគមន៍ ដែលមិនគោរពច្បាប់ស្តីពី ទូរគមនាគមន៍ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងគោលការណ៍នៃ ការផ្តល់សេវាប្រកបដោយគុណភាព។
ទន្ទឹមនឹងនេះក្រសួងប្រៃសនីយ៍ បាននិងកំពុងវាស់ស្ទង់គុណភាព សេវាទូរគមនាគមន៍នៅតាមតំបន់នីមួយៗ ដើម្បីកំណត់ចំណុចខ្សោយ ឬបញ្ហានានាពាក់ព័ន្ធនឹងគុណភាពសេវា និងដាក់ចេញនូវវិធានការជាក់ស្តែង។ បន្ថែមលើនេះក្រសួងប្រៃសនីយ៍ នឹងតម្រូវឱ្យប្រតិបត្តិករ ទូរគមនាគមន៍វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធចាំបាច់៕