(បន្ទាយមានជ័យ)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានចេញសេចក្តីបំភ្លឺ ឆ្លើយតបទៅនឹងការឡាយបង្ហោះជាសាធារណៈ តាមរយៈបណ្តាញគណនី Facebook មួយចំនួន កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ស្តីពីការតវ៉ា និងចតរថយន្តបិទផ្លូវចូលស្ថានីយ ចំពោះរថយន្តម៉ាក NISSAN DIESEL (V1) ពាក់ស្លាកលេខ បាត់ដំបង 3A-1526 ពណ៌ស របស់ក្រុមហ៊ុនដឹកជញ្ជូនឥន្ទ្រីស ដែលបានចូលថ្លឹងមានទម្ងន់សរុប ៤៥.០២០គីឡូក្រាម (លើស ៥តោន ២០គីឡូក្រាម ដែលច្បាប់អនុញ្ញាតិត្រឹមតែ៤០តោនប៉ុណ្ណោះ)។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ដែល Fresh News ទទួលបាននៅរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ បានឱ្យដឹងទៀតថា សូមធ្វើការបំភ្លឺជូនសាធារណជននៅហេតុការខាងលើដូចតទៅ៖
* ទី១៖ ក្នុងនោះអ្នកបើកបរមិនបានគោរព ទៅតាមផ្លាកសញ្ញាកំណត់ល្បឿន ៥ Km/h នៅក្នុងស្ថានីយថ្លឹងរថយន្ត និងអ្នកបើកបរមិនបានធ្វើការសហការជាមួយមន្ត្រី ដែលប្រចាំនៅក្នុងស្ថានីយ ក្នុងការផ្ទៀងផ្ទាត់ឯកសារពាក់ព័ន្ធផ្សេងៗ។
* ទី២៖ ក្រុមហ៊ុនដឹកជញ្ជូនខាងលើ (ឥន្រ្តីស) មិនបានអនុវត្តតាមតារាងកម្រិតទម្ងន់អតិបរិមា និងកម្រិតអនុគ្រោះមិនលើស ៥% តាមប្រភេទរថយន្តទេ គាត់នៅតែយល់ថា កម្រិតអនុគ្រោះគឺក្រោម ៥តោន។
* ទី៣៖ សូមបញ្ជាក់ថា មន្ត្រីនៃស្ថានីយជញ្ជីងចល័តកូនដំរី-ខេត្តបន្ទាយមានជ័យ បានអនុវត្តការងារដោយគោរព តួនាទី ភារកិច្ច និងបទដ្ឋានគតិយុត្តិជាធរមាន ដើម្បីរឹតបន្ដឹងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ៕
ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ៖