(ភ្នំពេញ)៖ លោក Simon Vancliff នាយកប្រតិបត្តិ WB Sport Village បានបញ្ជាក់ឲ្យដឹងថា គម្រោង «ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ» កសាងឡើង ដើម្បីទទួលរៀបចំព្រឹត្តិការណ៍ SEA Games 2023 និងជាដៃគូរបស់ SEA Game ហើយនឹងត្រូវប្រគល់ឲ្យអ្នកទិញ នៅខ្ទង់ដើមឆ្នាំ២០២៤។
នាយកប្រតិបត្តិ WB Sport Village បានបន្ថែមថា គម្រោងនេះ នឹងផ្តល់នូវលក្ខណៈរស់នៅដែលមានផាសុកភាព និងជំរុញដល់សកម្មភាពកីឡា សម្រាប់អ្នកទាំងអស់ដែលរស់នៅទីនោះ។ មួយវិញទៀត គឺបង្កើតជាសហគមន៍កីឡាមួយ ដែលពួកគេអាចរស់នៅផង អាចលេងកីឡាផង។
លោកបានឲ្យដឹងថា គម្រោងនេះនឹងប្រគល់ឲ្យទៅរាជរដ្ឋាភិបាល នៅចុងឆ្នាំ២០២២ ដើម្បីឲ្យពួកគេរៀបចំព្រឹត្តិការណ៍ SEA Games ហើយខាងរាជរដ្ឋាភិបាល នឹងប្រគល់មកឲ្យវិញ ពេលចប់ព្រឹត្តិការណ៍ SEA Games។ បន្ទាប់មកប្រហែលជាមានពេល៤-៥ខែ ដើម្បីចាត់ចែងឲ្យអតិថិជន ទទួលបានសំណង់របស់ពួកគេ។
នាយកប្រតិបត្តិ WB Sport Village បានអះអាងថា លោកនឹងបង្កើតអ្វីៗថ្មីៗបន្ថែមទៀត សម្រាប់ប្រទេសកម្ពុជា ខណៈគម្រោងបច្ចុប្បន្ននេះ នឹងជួយដល់ការរៀបចំព្រឹត្តិការណ៍ SEA Game ហើយផ្តល់តម្លៃសមរម្យ អាចទទួលយកបាន សម្រាប់អតិថិជននានា ព្រមជាមួយគុណភាពល្អបំផុត។
លោកថា បច្ចុប្បន្នមានអតិថិជនប្រហែល៥ភាគរយ ក្នុងរយៈពេលមួយសប្ដាហ៍ ក្រោយការប្រកាសពីគម្រោងនេះ។ វាពិតជាលឿនខ្លាំងណាស់ ពីព្រោះគម្រោង របស់លោក ស្ថិតនៅចំទីតាំងល្អ ហើយវាផ្ដល់ភាពងាយស្រួល ដោយនៅពេលអនាគត អ្នកអាចចំណាយពេលខ្លី ក្នុងការធ្វើដំណើរទៅមក។ ជាឧទាហរណ៍ បើសិនជាអ្នកធ្វើដំណើរ ទៅកាន់ព្រលានយន្ដហោះ អ្នកអាចត្រូវចំណាយពេល១ម៉ោងកន្លះ តែជាមួយគម្រោងនេះ អ្នកនឹងចំណាយពេលត្រឹមតែ ២០ ឬ២៥នាទីប៉ុណ្ណោះ ហើយដោយសារតែ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មី របស់រដ្ឋាភិបាល វានឹងធ្វើគម្រោងឲ្យយើងកាន់តែខិតជិតទីក្រុង។
សូមជម្រាបថា គម្រោង «ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ» នឹងធ្វើការសាងសង់ សម្រាប់ការប្រកួតកីឡា ប្រជាជាតិអាស៊ីអាគ្នេយ៍ (SEA Games 2023) និង អាស៊ានប៉ារ៉ាហ្គេម ក្នុងឆ្នាំ ២០២៣ ដែលនឹងប្រារព្ធធ្វើឡើង នៅលើទឹកដីអច្ឆរិយៈរបស់កម្ពុជា។
គម្រោងនេះ នឹងសាងសង់អមជាមួយស្ថាបត្យកម្ម យ៉ាងវិសេសវិសាល លាតសន្ធឹងលើផ្ទៃដីជាង៦ហិកតា ជាប់នឹងពហុកីឡដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅក្នុងទីក្រុងនាគសម្តេចតេជោ លាតសន្ធឹងលើផ្ទៃដីចំនួន ៣៥,០០០ ហិកតា នៅភាគខាងជើងនៃតំបន់អភិវឌ្ឍន៍ថ្មី របស់រាជធានីភ្នំពេញ៕