(ភ្នំពេញ)៖ ចំណូលរបស់ក្រសួងពាណិជ្ជកម្ម នៅឆ្នាំ២០២០នេះ ទទួលបានចំនួន៥១,៦១៩.២លានរៀល ដែលស្មើប្រមាណជាង១២.៥លានដុល្លារ ធ្លាក់ចុះប្រមាណ៥០.៨៣ភាគរយ បើធៀបនឹងចំណូលឆ្នាំ២០១៩។ នេះបើតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម។

របាយការណ៍ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងឆ្នាំ២០២០ ក្រសួងប្រមូលចំណូល សរុបបានចំនួន ៥១,៦១៩.២លានរៀល ស្មើនឹង១១៤% នៃផែនការ ដែលមានចំនួន ៤៥,២៦១លានរៀល។ បើប្រៀបធៀប នឹងការអនុវត្តឆ្នាំ២០១៩ ថយចុះប្រមាណ៥០.៨៣%»

របាយការណ៍ បានឲ្យដឹងថា ចំណូលដែលក្រសួង ប្រមូលបានចំនួន ៥១,៦១៩.២លានរៀល ក្នុងនោះ រួមមាន៖

* ចំណូលទទួលបាន ពីការតម្កល់លិខិត ជូនដំណឹងនៃប្រតិបត្តិការ ដែលមានកិច្ចធានា ៣១២,៥២០,០០០រៀល
* ចំណូលទទួលបាន ពីការចុះបញ្ជីពាណិជ្ជកម្ម ១៩,៣១៦,៦១០,០០០រៀល
* ចំណូលទទួលបាន ពីការផ្តល់វិញ្ញាបនបត្រប្រភពដើមទំនិញ និងការចេញអាជ្ញាប័ណ្ណ និងសេវាពាក់ព័ន្ធ ២៣,៥៧៦,២៨៤,១២៣រៀល
* ចំណូលទទួលបាន ពីការចុះបញ្ជីម៉ាក និងសេវាពាក់ព័ន្ធ ៨,២៨២,៥៦៩,៥២៤រៀល
* ចំណូលទទួលបាន ពីសេវារបស់អគ្គនាយកដ្ឋាន ក.ប.ប ៨៨,៦៦៨,០០០រៀល
* ចំណូលទទួលបាន ពីកិច្ចការពិព័រណ៍ ចំនួន ៤២,៦៤០,០០០រៀល។

ដោយឡែក សម្រាប់ឥណទាន ឆ្នាំ២០២០ ដែលក្រសួងពាណិជ្ជកម្មទទួលបាន មានចំនួន១០៤,៤៧៩លានរៀល (ប្រមាណ២៥លានដុល្លារ) និងបានចំណាយ ក្នុងឆ្នាំ២០២០ មានចំនួន១០២,៩៧៤លានរៀល (ប្រមាណ២៥លានដុល្លារ) ស្មើនឹង៩៨.៦% នៃឥណទានថវិកាដែលបានផ្តល់។

របាយការណ៍បានបញ្ជាក់ថា រាល់ចំណូល-ចំណាយទាំងអស់ របស់ក្រសួងពាណិជ្ជកម្ម ត្រូវបានបញ្ចូល ក្នុងប្រព័ន្ធគ្រប់គ្រងចំណូល មិនមែនសារពើពន្ធ (NRMIS) និងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ជាប្រចាំ៕