(ភ្នំពេញ)៖ លោក មូល វិរៈ ចៅសង្កាត់ឫស្សីកែវ បានប្រគល់លិខិតថ្លែងអំណរគុណដល់លោក STEVEN WAG នាយកប្រតិបត្តិក្រុមហ៊ុន ព្រីនស៍ រៀល អ៉ីស្តេត គ្រុប។

ការប្រគល់លិខិតថ្លែងអំណរគុណនេះ បានធ្វើឡើង ក្រោយពីក្រុមហ៊ុនព្រីនស៍ រៀល អ៉ីស្តេត គ្រុប បានឧបត្ថម្ភសម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគមួយចំនួន ដល់រដ្ឋបាលសង្កាត់ សម្រាប់ចែកជូនប្រជាពលរដ្ឋដែលជាប់ធ្វើចត្តាឡីស័ក និងកម្លាំងការពារគោលដៅចត្តាឡីស័ក ចំនួន០៨ទីតាំង ដែលពាក់ព័ន្ធ (ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ)។

ការប្រគល់ និងទទួលសម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគមួយចំនួននេះ ក៏មានការអញ្ជើញចូលរួមពីលោក តូច គឹមសុង នាយនគរបាលប៉ុស្ដិ៍ឫស្សីកែវ និងមន្ត្រីរដ្ឋបាលសង្កាត់មួយចំនួនផ្សេងទៀត ជាមួយតំណាងក្រុមហ៊ុន ព្រីនស៍ រៀល អ៉ីស្តេត គ្រុប លោក Gabriel Tan ជាប្រធានផ្នែកទំនាក់ទំនងនៃក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលបានរៀបចំធ្វើឡើងនៅសាលាសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១។

ក្នុងសកម្មភាពសមធម៌នេះ, លោកចៅសង្កាត់ឫស្សីកែវ មូល វិរៈ ក៏បានសន្យាបន្តនាំយកនូវសម្ភារប្រើប្រាស់ ក៏ដូចជាគ្រឿងឧបភោគបរិភោគទាំងអស់ ដែលក្រុមហ៊ុន ព្រីនស៍ រៀល អ៉ីស្តេត គ្រុប បានឧបត្ថម្ភមកនៅពេលនេះ ក្នុងការបន្តចែកជូនជួយសង្គ្រោះ ទៅដល់ប្រជាពលរដ្ឋងាយរងគ្រោះជាប់ធ្វើចត្តាឡីស័ក និងកម្លាំងការពារគោលដៅចត្តាឡីស័ក ចំនួន០៨ទីតាំង ពាក់ព័ន្ធ (ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ) ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឫនិន្នាការនយោបាយឡើយ ឲ្យស្របតាមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ក្រៅពីប្រគល់លិខិតថ្លែងអំណរគុណ និងសន្យាយ៉ាងដូច្នេះ, លោកចៅសង្កាត់ឫស្សីកែវ មូល វិរៈ សូមគោរពជូនពរ នាយកប្រតិបត្តិក្រុមហ៊ុន ព្រីនស៍ រៀល អ៉ីស្តេត គ្រុប ជួបប្រទះតែ និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ។

សូមជម្រាបថា សម្រាប់រដ្ឋបាលសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ដែលទទួលបានការឧបត្ថម្ភជាសម្ភារប្រើប្រាស់ និងគ្រឿងភោគបរិភោគ ក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះ ដែលជាប់ធ្វើចត្តាឡីស័ក និងកម្លាំងការពារគោលដៅចត្តាឡីស័ក ចំនួន០៨ទីតាំង ដែលពាក់ព័ន្ធ (ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ) ពីក្រុមហ៊ុន ព្រីនស៍ រៀល អ៉ីស្តេត គ្រុប នៅពេលនេះ រួមមាន៖ អាល់កុល១៥០លីត្រ, ម៉ាស២កេសធំ, អង្ករ៥០០គីឡូក្រាម, មី១០កេស, ទឹកសុទ្ធ៥០កេស, ទឹកត្រី១០យួរ, ទឹកស៉ីអ៉ីវ១០យួរ, ត្រីខកំប៉ុង៥កេស, ត្រីងៀត៥០គីឡូក្រាម, និងពងទាប្រៃ១០០០គ្រាប់,៕