(បាត់ដំបង)៖ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ (Sinovac) ជូនមន្ដ្រីរាជការ តាមមន្ទីរអង្គភាពចំណុះរដ្ឋបាលខេត្ត។ ក្នុងនោះ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានដឹកនាំក្រុមការងារ និងមន្ដ្រីជំនាញ ចុះពិនិត្យមើលដំណើរការចាក់វ៉ាក់សាំងនេះ នៅទីតាំងសាលាខេត្តផងដែរ។
សេចក្ដីរាយការណ៍បានឲ្យដឹងថា សម្រាប់រដ្ឋបាលខេត្តបាត់ដំបង ដំណើរការនៅព្រឹកនេះ មានការចាក់ចំនួន៥ប៉ុស្តិ៍ ស្មើនឹង១១ក្រុម ហើយស្អែកនឹងបើកដំណើរការចាក់តាមក្រុងស្រុកបន្ថែមទៀត។
គួរជម្រាបថា នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៃក្រសួងសុខាភិបាល បានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំង ស៉ីណូវ៉ាក់ (Sinovac) នៅទូទាំងប្រទេសជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្ត ហើយការចាក់វ៉ាក់សាំងនេះ នឹងធ្វើឡើងជាបន្ដបន្ទាប់គ្រប់ប្រជាពលរដ្ឋទាំងអស់។
វ៉ាក់សាំងកូវីដ១៩ ជាឧបករណ៍ថ្មីមួយបន្ថែម លើវិធានការសុខាភិបាលដែលមានស្រាប់ សម្រាប់ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ និងសង្គ្រោះជីវិតមនុស្ស ដោយជួយបុគ្គលមិនឲ្យឈឺធ្ងន់នៅពេលឆ្លងជំងឺកូវីដ១៩ និងការកាត់បន្ថយការព្យាបាលនៅមន្ទីរពេទ្យ។
រាជរដ្ឋាភិបាលបានធ្វើការអំពាវនាវជាបន្តបន្ទាប់ដល់ប្រជាជនទូទាំងប្រទេស ឲ្យមកទទួលចាក់វ៉ាក់សាំងកូវីដ១៩ ដោយស្ម័គ្រចិត្ត ហើយបានជំរុញ និងការពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំងធ្វើយ៉ាងណាបាន១លានដូសក្នុងខែ ជូនដល់បងប្អូនប្រជាជនក្នុងមូលដ្ឋានរាជធានី-ខេត្ត៕