(ពោធិ៍សាត់)៖ គ្រោះថ្នាក់ចរាចរណ៍មួយ បានបង្កឡើងដោយ រថយន្តដឹកសាំង បុកអ្នកជិះម៉ូតូសង់កូរ៉េ បណ្តាលឲ្យស្លាប់ក្មួយ នៅនឹងកន្លែងកើតហេតុ ហើយពូរងរបួសធ្ងន់បាក់ភ្លៅស្តាំ នៅល្ងាចថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦ នៅចំណុចភូមិចំការជ្រៃ ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោក ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានប្រាប់ Fresh Newsថា រថយន្តដែលបង្កម៉ាក HYUNDIA ពណ៌បៃតង ពាក់ស្លាកលេខ 3A-6889 ដឹកប្រេងសាំង បើកបរដោយឈ្មោះ ប្រាក់ វុទ្ធី អាយុ៤៦ឆ្នាំ រស់នៅភូមិអង្គប្រាសាទ ស្រុកគិរីវង្ស ខេត្តតាកែវ បើកបរពីលិចទៅកើត បានបុកនឹងម៉ូតូម៉ាក សង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ 1B-8587 បើកបរដោយឈ្មោះ រុំ គា អាយុ១៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បណ្តាលឲ្យក្មួយឈ្មោះ ធី ណុង អាយុ៦ឆ្នាំ នៅនឹងកន្លែងកើតហេតុ និងពូឈ្មោះ រុំ គា ជាអ្នកបើកបរម៉ូតូបាក់ភ្លៅស្តាំ។
ប្រភព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា គេឃើញអ្នកបើកម៉ូតូខាងលើ បើកលឿនដូចហោះ ក្នុងទិសដៅពីកើតទៅលិច បានជួបរថយន្តខាងលើ ទំនងជាភ័យ ហើយហុយទៀត គ្រប់គ្រងស្មារតីមិនបាន ក៏ជ្រុលទៅបុងនឹងរថយន្តខាងលើ បណ្តាលឲ្យស្លាប់ក្មួយ និងពូជាអ្នកបើករងរបួសធ្ងន់បាក់ភ្លៅខាងស្តាំ។
លោកអធិការនគរបាលស្រុកវាលវែង បានបន្តទៀតថា ក្រោយពេលកើតហេតុ កម្លាំងនគរបាលចរាចរណ៍ នៃអធិការនគរបាល ស្រុកវាលវែង ក៏បានទៅដល់ និង បញ្ជូនជនរងគ្រោះទៅសង្គ្រោះ នៅមណ្ឌលសុខភាពប្រម៉ោយ ដោយឡែកសាកសពក្មេងប្រុស អាយុ៦ឆ្នាំ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យ រីឯវត្ថុតាងត្រូវបានកម្លាំងនៃអធិការនគរបាលស្រុកវាលវែង យកទៅរក្សាទុកនៅកន្លែង រងចាំដោះស្រាយតាមនីតិវិធី ៕