(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ បានដាក់ចេញនូវបទបញ្ជាដល់កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីត្រួតពិនិត្យការអនុវត្តរបស់ប្រជាពលរដ្ឋ ចំពោះវិធានការរដ្ឋបាលបណ្ដោះអាសន្ន ផ្អាកការជួបជុំប្រមូលផ្ដុំ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។

នេះបើតាមការឲ្យដឹងពី លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ក្រោយបញ្ចប់កិច្ចប្រជុំបន្ទាន់មួយរបស់ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដែលមានការចូលរួមពី ស្នងការរាជធានី មេបញ្ជាការកងរាជអាវុធហត្ថ អភិបាលខណ្ឌ និងប្រធានមន្ទីរសុខាភិបាល ដើម្បីត្រួតពិនិត្យការងារ និងសរុបសភាពការណ៍ផ្សេងៗក្នុងរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរីករាលជំងឺកូវីដ១៩ ក៏ដូចជាការចាក់ចេញនូវវិធានការថ្មីៗ បន្ថែមទៀត។

លោក ម៉េត មាសភក្ដី បានបន្ថែមទៀតថា ក្នុងកិច្ចប្រជុំនោះ លោក ឃួង ស្រេង បានក្រើនរំលឹកដល់គណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ត្រូវបន្ដអនុវត្តឲ្យបានខ្ជប់ខ្ជួននូវលិខិតបទដ្ឋាន គិតយុត្តិផ្សេងៗ ដែលធ្លាប់បានដាក់ចេញកន្លងមក ដើម្បីធានាបាននូវការអនុវត្តប្រកបដោយប្រសិទ្ធភាព។

ក្នុងនោះលោកបានណែនាំឲ្យបន្ដ ត្រួតពិនិត្យទីតាំងដែលបានបិទជាបណ្ដោះអាសន្ន ដូចជា ហាងអ៉ីនធ័រណេតកាហ្វេ ក្លឹបហាត់ប្រាណ កន្លែងម៉ាស្សា ខារ៉ាអូខេ ក្លឹបកម្សាន្ដជាដើម ធ្វើយ៉ាងណាក៏ឲ្យមានការឆកល្វែង ដែលបង្កឱកាសឲ្យអាជីវករទាំងអស់នោះ លួចលបបើកឡើងវិញ ដែលអាជ្ញាធរធ្លាប់បានផ្អាកបណ្ដោះអាសន្ន ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩។

បន្ថែមពីនេះ លោក ឃួង ស្រេង បានសង្កត់ធ្ងន់ឲ្យអាជ្ញាធរខណ្ឌទាំង១៤ ពិសេសអាជ្ញាធរសង្កាត់ ភូមិ ធ្វើយ៉ាងណាចុះពិនិត្យពីជីវភាពរបស់ប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក ដើម្បីធានាឲ្យបានថា ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅអំឡុងពេលនេះ គឺមិនមានបញ្ហាជីវភាពខ្វះខាតការហូបចុកនោះឡើយ។

ជាមួយគ្នានេះ លោកអភិបាលបានណែនាំឲ្យអាជ្ញាធរ ត្រូវបន្ដអប់រំផ្សព្វផ្សាយ វិធានការ ៣ការពារ និង៣កុំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងវិធានការផ្សេងៗទៀត ដែលបានដាក់ចេញដោយក្រសូងសុខាភិបាល។ ដោយឡែក កងកម្លាំងត្រូវដាក់កម្លាំងល្បាតតាមមូលដ្ឋានរៀងៗខ្លួន ដើម្បីរឹតបន្ដឹងការពាក់ម៉ាកឲ្យបានខ្ជាប់ខ្ជួនរបស់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ។

គួរជម្រាបថា រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចមួយ ដោយផ្អាកការចរាចរ រួមទាំងសកម្មភាពអាជីវកម្ម ការប្រមូលផ្តុំនានា នៅភូមិសាស្រ្តរាជធានីភ្នំពេញ នាពេលយប់ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ រយៈពេល២សប្តាហ៍។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

តាមប្រការ១ នៃសេចក្តីសម្រេចនេះ បានឲ្យដឹងថា «ត្រូវបានដាក់ចេញនូវវិធានការរដ្ឋបាលបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅភូមិសាស្រ្តរាជធានីភ្នំពេញ ដែលមានថិរវេលាអនុវត្តរយៈពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១»៕