(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ ខណៈរាជរដ្ឋាភិបាលបានបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ទ្រង់ទ្រាយធំ តាមគម្រោងផែនការ ដោយចាប់ផ្តើមពីក្រុមមនុស្សគោលដៅ តាមបណ្តាក្រសួង និងស្ថាប័ន ថ្នាក់ជាតិ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស.ស.យ.ក. បាននិងកំពុងមានវត្តមាននៅ ២០ទីតាំងផ្សេងៗគ្នា ក្នុងរាជធានីភ្នំពេញ ដើម្បីបំពេញការងារក្នុងបេសកកម្មចាក់វ៉ាក់សាំងកូវីដ១៩ ថ្ងៃដំបូងនេះ។
យោងតាមសេចក្តីជូនព័ត៌មានកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក.-១៩) ការចាក់វ៉ាក់សាំងជំហានដំបូងដែលអនុវត្តចាប់ពីថ្ងៃទី១ ខែមេសានេះទៅ នឹងចាក់ដល់ក្រុមមនុស្សសរុបចំនួន៧៤៥,០០០នាក់ សម្រាប់ចំនួនដូសទី១។ ក្នុងសេចក្តីជូនព័ត៌មាននោះដែរ ក៏បានកំណត់នូវក្រុមគោលដៅ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលនឹងត្រូវបំពេញការងារចាក់វ៉ាក់សាំង តាមកាលបរិច្ឆេទ និងទីតាំងដែលបានកំណត់។
សម្រាប់ថ្ងៃដំបូងនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក. (ស.គ.ស.ស.យ.ក.) ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (ធីតា) រួមជាមួយនឹងក្រុមគ្រូពេទ្យ តាមមន្ទីរពេទ្យអង្គឌួង និងកាល់ម៉ែត បានបែងចែកកម្លាំងតាមទីស្តីការក្រសួង ស្ថាប័នរដ្ឋ សាលារៀន ទីតាំងឯកជនកំណត់ដោយ គ.វ.ក.-១៩ ក្រោមការសម្របសម្រួលពីក្រសួង ស្ថាប័នសាមី និងអាជ្ញាធរមូលដ្ឋាន។
ជាមួយនឹងគ្នានេះដែរ នាថ្ងៃបន្តបន្ទាប់ក៏នឹងមានវត្តមានចូលរួមពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចពិជ័យសេនា ក្នុងបេសកកម្មចាក់វ៉ាក់សាំងកូវីដ១៩ នេះដែរ។
គួររំលឹកថា នាពេលកន្លងថ្មីៗនេះ សហភាពសហព័ន្ធយុវជនកម្ពុជា បានចេញសារជាបន្តបន្ទាប់ សម្តែងនូវការសូមថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ក្នុងការផ្តល់ឱកាសឲ្យ ស.ស.យ.ក. អាចចូលរួមក្នុងបុព្វហេតុជាតិមាតុភូមិ តាមរយៈការស្ម័គ្រចិត្តចូលរួមក្នុងយុទ្ធនាការ ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។
ក្នុងនោះដែរ លោក ហ៊ុន ម៉ានី ប្រធានស្ថាប័នយុវជននេះ ក៏បានលើកឡើងសង្កត់ធ្ងន់ថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩នេះ គឺជាបេសកកម្ម ក៏មានសារៈសំខាន់បំផុត ក្នុងការបម្រើប្រជាពលរដ្ឋក្នុងកាលៈទេសៈលំបាក ដែលប្រទេសកំពុងជួបប្រទះ។
សូមជម្រាបជូនថា វ៉ាក់សាំងកូវីដ១៩ ជាឧបករណ៍ថ្មីមួយបន្ថែម លើវិធានការសុខាភិបាលដែលមានស្រាប់ សម្រាប់ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ និងសង្គ្រោះជីវិតមនុស្ស ដោយជួយបុគ្គលមិនឲ្យឈឺធ្ងន់នៅពេលឆ្លងជំងឺកូវីដ១៩ និងការកាត់បន្ថយការព្យាបាលនៅមន្ទីរពេទ្យ។
រាជរដ្ឋាភិបាលបានធ្វើការអំពាវនាវជាបន្តបន្ទាប់ដល់ប្រជាជនទូទាំងប្រទេស ឲ្យមកទទួលចាក់វ៉ាក់សាំងកូវីដ១៩ ដោយស្ម័គ្រចិត្ត ហើយបានជំរុញ និងការពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំងធ្វើយ៉ាងណាបាន១លានដូសក្នុងខែ ជូនដល់បងប្អូនប្រជាជនក្នុងមូលដ្ឋានរាជធានី-ខេត្ត៕