(បាត់ដំបង)៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសុខភាពរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍ ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ

ក្រហមកម្ពុជា និងដើម្បីចូលរួមការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈកំពុងបន្តផ្ទុះរាលដាលជាបន្តបន្ទាប់ នៅថ្ងៃ០១ ខែមេសាឆ្នាំ២០២១នេះ លោក កុសុម សុភីនារ៉ា នាយកប្រតិបត្តិសាខាសាខាកាកបាទក្រហមខេត្តបាត់ដំបង សហការជាមួយអាជ្ញាធរសង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋរស់នៅក្នុងភូមិថ្កូវ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង។

ក្នុងយុទ្ធនាការផ្សព្វផ្សាយនេះក្រុមការងារផ្សព្វផ្សាយដោយបានប្រើប្រាស់អាកុលលាងដៃ ចែកម៉ាស កឹបផ្ទាំងរូបភាពផ្សព្វផ្សាយ ប័ណ្ណផ្សព្វផ្សាយសន្លឹកបត់ ៣ការពារ ៣កុំ ប័ណ្ណផ្សព្វផ្សាយផ្សេងៗ និងប្រើប្រាស់មេក្រូ១ សម្រាប់ចាក់សារសំឡេងផ្សព្វផ្សាយស្តីពីវិធាន ការការពារ និងរក្សាអនាម័យ សារាចរណ៍ណែនាំស្តីពីវិធានការ និងទប់ស្កាត់ ការរីករាលត្បាតនៃជំងឺកូវីដ១៩ អំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជាពិសេសអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ៣ការពារ ៣កុំ ២ចូលរួម។

ជាមួយគ្នានោះដែរក៏បានផ្សព្វផ្សាយសារអប់រំនានារបស់ក្រសួងសុខាភិបាលរួមមាន៖

* ទី១៖ លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូនិងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុលហ្សែល។
* ទី២៖ ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក កណ្តាស់ដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ។
* ទី៣៖ ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ។
* ទី៤៖ ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់។
* ទី៥៖ បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ។
* ទី៦៖ ស្វាគមន៍ដោយសំពះជំនួសការចាប់ដៃ។ សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ។

ក្នុងឱកាសនេះដែរក្រុមការងារសាខាកាកបាទក្រហមខេត្តបាត់ដំបង ក៏បានផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាផងដែរ៕