(ភ្នំពេញ)៖ បរិមាណអង្ករនាំចេញ ក្នុងរយៈពេល៣ខែ ឆ្នាំ២០២១ មានចំនួន១៥៣,៦៨៨តោន មានការថយចុះចំនួន ៧៧,២៦០តោន (-៣៣,៤៥%) តិចជាងបរិមាណនាំចេញ ក្នុងរយៈពេល៣ខែ ឆ្នាំ២០២០ ដែលមានចំនួន ២៣០,៩៤៨តោន។ នេះបើតាមរបាយការណ៍របស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
បើប្រៀបធៀបការនាំចេញអង្ករ ក្នុងខែមីនាដូចគ្នា ឃើញថា នៅឆ្នាំ២០២១ មានចំនួន ៧៧,៤៦៦តោន មានការថយចុះចំនួន ១៦,៩៨៣តោន (-១៧,៩៨%) តិចជាងបរិមាណនាំចេញ ក្នុងខែមីនា ឆ្នាំ២០២០ ដែលមានចំនួន ៩៤,៤៤៩តោន។
ក្នុងនោះនាំចេញអង្ករក្រអូបគ្រប់ប្រភេទ មានចំនួន ១០៧,៣៣៩តោន ស្មើនឹង៦៩,៨៤% និងអង្ករស គ្រប់ប្រភេទមានចំនួន ៤៣,៧៧៧តោន ស្មើនឹង ២៨,៤៩% និងអង្ករចំហុយ មានចំនួន ២ ៥៧២តោន ស្មើនឹង ១,៦៧%។
ដោយឡែករយៈពេល៣ខែ ឆ្នាំ២០២១នេះ ការនាំចេញស្រូវ ទៅកាន់ប្រទេសវៀតណាម និងថៃ មានចំនួនសរុប ១,៨៧៣,៧៧៩តោន កើនឡើងចំនួន ៩៩៨ ២៩៧តោន ប្រៀបធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២០ ដែលមានតែចំនួន ៨៧៥,៤៨២តោន តែប៉ុណ្ណោះ។
ក្នុងនោះការនាំចេញផ្លូវការ មានចំនួន ៦៥៨,៣៥០តោន កើនឡើងចំនួន ៦៣២,២៥០តោន (ការនាំចេញស្រូវ ផ្លូវការឆ្នាំ២០២០ មានចំនួន ២៦,១០០តោន) និងការនាំចេញស្រូវក្រៅផ្លូវការ មានចំនួន ១,២១៥,៤២៩តោន កើនឡើងចំនួន ៣៦៦,០៤៧តោន ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២០។
គូសបញ្ជាក់ថា បរិមាណអង្ករ ដែលនាំចេញទៅកាន់ប្រទេស ជាទិសដៅរួមមាន៖
* សហភាពអឺរ៉ុប ចំនួន១៩ប្រទេស មានបរិមាណសរុបចំនួន ៣៥,៤៤២តោន (២៣,០៦%)
* ប្រទេសចិន មានបរិមាណសរុបចំនួន ៨៥ ៣៧០តោន (៥៥,៥៥%)
* អាស៊ានចំនួន ៣ប្រទេស មានបរិមាណសរុបចំនួន ១១ ៦៥៨តោន (៧,៥៩%)
* និងទិសដៅដទៃទៀត ចំនួន១៨ប្រទេស មានបរិមាណសរុប ២១,២១៨តោន (១៣,៨%)៕