(កណ្តាល)៖ ដើម្បីជាការចូលរួមចំណែកជួយសម្រាកការលំបាករបស់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តកណ្តាល ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងរីករាលដាល ក្នុងសហគមន៍ ក្រុមហ៊ុន អង្គរ ដេលីហ៊្វូដ បានចូលរួមជួយឧបត្ថម្ភនូវម៉ាសចំនួន២០ម៉ឺនម៉ាស និងភេសជ្ជៈប៉ូវកម្លាំង ឆេមពាន ២៥០កេស និងភេសជ្ជៈប៉ូវកម្លាំង រេដអាន ២៥០កេស ជូនរដ្ឋបាលខេត្តកណ្តាល ដើម្បីជាការចូលរួមចំណែកក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈជំងឺនេះបាននិងកំពុងរីករាលដាលចូលក្នុងសហគមន៍ជាថ្មី ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ។
ពិធីប្រគល់ និងទទួលម៉ាស និងភេសជ្ជៈប៉ូវកម្លាំងទាំងនេះបានធ្វើឡើងនាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ នៅរដ្ឋបាលខេត្តកណ្តាល ក្រោមវត្តមានលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល។
ក្នុងឱកាសនោះលោក គង់ សោភ័ណ្ឌ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន អង្គរ ដេលីហ៊្វូដ ដែលចូលរួមផ្តល់ម៉ាស និងភេសជ្ជៈប៉ូវកម្លាំង ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះផងដែរ។
សូមបញ្ជាក់បញ្ជាក់ថា ក្រុមហ៊ុន អង្គរ ដេលីហ៊្វូដ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ម្សិលមិញនេះ ក៏បានប្រគល់ម៉ាសចំនួន១លានម៉ាស និងភេសជ្ជៈប៉ូវកម្លាំង ចំនួន១,០០០កេស ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ នេះផងដែរ។
សូមជម្រាបដែរថា គិតត្រឹមម៉ោង ៧៖០០នាទីព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ២៤៧៧នាក់ ក្នុងនោះអ្នកជា សះស្បើយ ចំនួន ១២៤០នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន១២១៩នាក់, ស្លាប់ចំនួន១៤នាក់ និង៤នាក់ទៀតស្លាប់ដោយសារជំងឺផ្សេងៗ ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕