(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្ត និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងខេត្តពោធិ៍សាត់ នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ នៅអគារក្រុមប្រឹក្សាខេត្ត បានដឹកនាំមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យទីតាំង និងបើកដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្នុងគោលការណ៍ស្ម័គ្រចិត្តទ្រង់ទ្រាយធំ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋក្នុងខេត្ត ដែលធ្វើឡើងចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះតទៅ។
សូមជម្រាបជូនថា គិតចាប់ពីថ្ងៃនេះ យុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ ប្រភេទ Sinovac នឹងប្រព្រឹត្តិទៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ក្នុងនោះខេត្តពោធិ៍សាត់ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង បានរៀបចំចាក់ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋ ក្រុង-ស្រុកទាំង៧ ក្នុងខេត្ត លើ១០ទីតាំង ទៅតាមពេលវេលា និងទីកន្លែងដែលបានបែងចែក ដោយគោលការស្ម័គ្រចិត្ត។
ទីតាំងទាំង១០នោះរួមមាន៖ ក្រុងពោធិ៍សាត់ (សាលាខេត្តអគារក្រុមប្រឹក្សាខេត្ត និងមន្ទីរពេទ្យបង្អែកខេត្ត), ស្រុកកណ្តៀង (មណ្ឌលសុខភាពកណ្តៀង), ស្រុកក្រគរ (មន្ទីរពេទ្យបង្អែកក្រគ្រ និងមណ្ឌលសុខភាពឈើតុំ), ស្រុកភ្នំក្រវាញ (មន្ទីរពេទ្យបង្អែកភ្នំក្រវាញ), ស្រុកវាលវែង (មណ្ឌលសុខភាពប្រម៉ោយ), ស្រុកតាលោសែនជ័យ (មណ្ឌលសុខភាពតាលោ) និងស្រុកបាកាន (មន្ទីរពេទ្យបង្អែកបាកាន និងមណ្ឌលសុខភាពត្រពាំងជង)៕