(មណ្ឌលគិរី)៖ ផ្ទះឈើមួយខ្នងទំហំ៤.៥×១២ ម៉ែត្រប្រកស័ង្កសីរបស់ស្រ្តីមេម៉ាយម្នាក់នៅស្រុកកែវសីមា ត្រូវកូនប្រុសបង្កើត ដុតបំផ្លាញចោលទាំងស្រុង សង្ស័យដោយសារសុំលុយម្តាយ យកទៅប្រព្រឹត្តអំពើល្មើសផ្សេងៗ តែម្តាយមិនឱ្យ នៅរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
នគរបាលស្រុកកែវសីមាបាននិយាយថា តាមការសង្កេតរបស់សមត្ថកិច្ច យុវជនដែលបានដុតផ្ទះម្តាយខ្លួនចោលនោះ គឺអាចជាប់ពាក់ព័ន្ធនិងថ្នាំញៀនជោគជាំ ព្រោះយុវជនម្នាក់នេះ ជាញឹកញាប់នៅក្នុងគ្រួសារតែងតែ មានការឈ្លោះប្រកែកជាមួយម្តាយ ព្រមទាំងគំរាមយកផ្ទះម្តាយដើម្បីយកលក់ជាច្រើនលើកច្រើនសារ មកហើយ ស្រាប់តែដល់ថ្ងៃកើតហេតុ យុវជនឈាមរាវនេះសម្រេចដុតកម្ទេចផ្ទះចោលតែម្តង ធ្វើឲ្យម្តាយជាស្រ្តីមេម៉ាយ និងកូនពៅអាយុ៥ឆ្នាំ ដើរសុំផ្ទះអ្នកស្រុកជ្រកកោណ ហើយយុវជនរូបនោះបានរត់គេចខ្លួនបាត់ស្រម៉ោលតែម្តង។
សូមជំរាបថា យុវជនដុតបំផ្លាញផ្ទះនេះឈ្មោះ សួន បញ្ញា អាយុ២២ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ម្តាយឈ្មោះទ្រី ណារ៉ន អាយុ៤១ឆ្នាំ បច្ចុប្បន្នរស់នៅ ភូមិកើតហេតុ មានស្រុកកំណើតខេត្តព្រៃវែង។ លោក តូច យ៉ុន ស្នងការនគរបាលខេត្តមណ្ឌលគិរី បាននិងកំពុងធ្វើការជុំរុញឱ្យសមត្ថកិច្ច កងនគរបាលស្រុកកែវសីមា ធ្វើការស្រាវជ្រាវឃាត់ខ្លួន យុវជនបង្ករូបនេះមកចាត់ការតាមនីតិវិធី ព្រោះវាមិនពិបាកនោះទេ ដោយសារសមត្ថកិច្ចបានស្គាល់អត្តសញ្ញាណស្រាប់ហើយ៕