(កណ្តាល)៖ ជនត្រូវចោទ៤នាក់ ដែលព្រួតគ្នាកាប់ចិញ្ច្រាំសម្លាប់បុរសម្នាក់ ដ៏សាហាវនៅស្រុកស្អាង ខេត្តកណ្តាល តុលាការខេត្តកណ្តាល នឹងប្រកាសសាលក្រមនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦។ សាលាដំបូងខេត្តកណ្តាល នៅរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦ បានបិទបញ្ចប់សវនាការជំនុំជម្រះសំណុំរឿង ឃាតកម្មកាប់សំលាប់ ដ៏សាហាវនៅភូមិព្រែកថ្មីឃុំរការខ្ពស់ ស្រុកស្អាង កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៥ ដោយមានវត្តមានជនត្រូវចោទ ទាំង៣នាក់។
សវនាការជំនុំជម្រះរយះពេល១ម៉ោង ដែលបានបន្តពីថ្ងៃទី២៤ ខែកុម្ឆ្នាំ២០១៦នោះ បានបិទបញ្ចប់ដោយមានចៅក្រម៣រូប គឺលោក ហុក វ៉ាន់ធីណា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងសហចៅក្រម២រូប គឺលោក សាយ សម្ភស្សសេរី លោកស្រី អ៊ី ម៉ាណូកា និងតំណាងអយ្យការលោក ទេព មុន្និន ព្រមទាំងមេធាវីការពារក្តីដើមចោទ ចុងចោទផងដែរ។ ជនត្រូវចោទទាំង៣នាក់នោះ គឺទី១ ឈ្មោះ សរ ពិសី អាយុ២៩ឆ្នាំ ទី២ឈ្មោះ ជឺ សំណាង អាយុ៣៥ឆ្នាំ និងទី៣ ឈ្មោះ នឿន វ៉ាន់ឌី អាយុ៣៤ឆ្នាំ។ ពួកគេទាំង៣នាក់ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន ក្នងពន្ធនាគារយះពេលជិត៩ខែ ក្រោមបទចោទប្រកាន់ «ផ្សំគំនិតក្នុងបទឃាតកម្ម បទល្មើស ព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២៩ និង១៩៩នៃក្រមព្រហ្មទណ្ឌ»។ ស្រ្តី សូន សុខជា ត្រូវជាភរិយាជនរងគ្រោះ សេង គង់ចាន់និមល ដែលនៅក្នុងហេតុការណ៍ ឃើញសកម្មភាពជនល្មើសកាប់ចិញ្រ្ចាំប្តីរបស់ខ្លួន បានសំណូមពរដល់លោកចៅក្រមអង្គជំនុំជម្រះ ជួយរកយុត្តធម៌ឲ្យប្តីនាង។
សូមបញ្ជាក់ថា ជនល្មើស៣នាក់ក្នុងចំណោមបក្ខពួក៤នាក់ ត្រួវបានសមត្តកិច្ចស្រុកស្អាងឃាត់ខ្លួន នៅយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៥ នៅចំណុចភូមិព្រែកថ្មី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល បន្ទាប់ពីពួកគេបានធ្វើសកម្មភាពកាប់សម្លាប់ដ៏សាហាវទៅលើបុរសម្នាក់បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម៕