(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ សរុបចំនួន៤៩នាក់ ខណៈអ្នកឆ្លងកូវីដ១៩ថ្មីបន្តរកឃើញចំនួន៣៧នាក់ ក្នុងករណីឆ្លងក្នុងសហគមន៍ «ព្រឹត្តិការណ៍២០កុម្ភៈ» ចំនួ៣៥នាក់ និង២នាក់ជាករណីនាំចូល។
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកឆ្លងកូវីដ១៩ ទាំង៣៧នាក់ ក្នុងនោះករណីនាំចូលចំនួន២ករណី ជាបុរស និងស្ត្រីជនជាតិឥណ្ឌូនេស៊ី ចូលមកកម្ពុជា និង៣៥ករណី ឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» ក្នុងនោះមានជនជាតិខ្មែរ៣១នាក់, ជនជាតិចិន៣នាក់ និងកូរ៉េម្នាក់ ដែលរកឃើញនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។
ចំណែកអ្នកជាសះស្បើយទាំង ៤៩នាក់វិញ ជាអ្នកឆ្លងក្នុងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» ដោយទទួលបានលទ្ធផលអវិជ្ជមាន២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
ក្រសួងសុខាភិបាលបានឲ្យថា គិតត្រឹមម៉ោង ៧៖០០នាទីព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ២៤៧៧នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ១២៤០នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន១២១៩នាក់, ស្លាប់ចំនួន១៤នាក់ និង៤នាក់ទៀត ស្លាប់ដោយសារជំងឺផ្សេង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕