(ភ្នំពេញ)៖ សមាគមអ៉ីគ័នតាវប្រចាំនៅកម្ពុជា ដែលជាសមាគមមួយលើកកម្ពស់ដល់ការហូបបួស និងសីលធម៌សង្គម បានអំពាវនាវឲ្យពលរដ្ឋខ្មែរចូលរួមហូបបួសរយៈពេល៣ថ្ងៃ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលឆាប់ៗខាងមុខ។ ដើម្បីបួងសួងសូមសំណាងល្អ និងសូមឱ្យជំងឺកូវីដ១៩ ឆាប់រលាយសាបសូន្យទៅវិញ ក៏ដូចជាសូមឱ្យប្រទេសកម្ពុជាបានសុខសាន្ត និងមានសុភមង្គល។ នេះបើតាមលិខិតអំពាវនាវរបស់សមាគមអ៉ីគ័នតាវប្រចាំនៅកម្ពុជា ដែលបានបង្ហោះក្នុងផេកផ្លូវការរបស់ខ្លួននៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១។
ការមិនសម្លាប់សត្វ បណ្ដុះចិត្តប្រណី ដោយរៀបចំអាហារបួស ផ្កាផ្ញី និងផ្លែឈើ ដើម្បីទទួលទេវតាឆ្នាំថ្មី ដែលអាចនាំឲ្យកើតមានចំហាយកុសលធម៌ពេញអាកាស។ ទង្វើជាកុសលនេះអាចនាំឲ្យកម្ពុជាបវៀសជៀសឆ្ងាយពីគ្រោះកាចទាំងឡាយ និងសូមឲ្យជំងឺរាតត្បាតឆាប់រលាយផុតពីផែនដីនេះ។
លិខិតអំពាវនាវខាងលើបានបន្តថា «ការសូមអំពាវនាវមហាជនចូលរួមទទួលទានអាហារបួសចំនួន៣ថ្ងៃនេះ ក៏ជាការចូលរួមជាមួយរដ្ឋាភិបាល ក្នុងការកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ១៩ តាមរយៈការមិនជួបជុំគ្នាច្រើនដើម្បីទទួលទានអាហារ»។
បន្ថែមពីនេះសមាគមអ៉ីគ័នតាវប្រចាំនៅកម្ពុជា ក៏បានស្នើសុំដល់ប្រមុខរដ្ឋាភិបាលកម្ពុជាមេត្តាគាំទ្រ បណ្ដាអន្តរសាសនា ដើម្បីចូលរួមជ្រោមជ្រែងសហការ និងរួមគ្នាបញ្ចេញអនុភាពជាកុសលធម៌ ទៅកាន់មនុស្សក្នុងសកលោកទាំងមូល ជាពិសេសរួបរួមគ្នាស្រលាញ់ថែរក្សាការពារទឹកដីកម្ពុជាដ៏បវរនៃយើង៕