(ភ្នំពេញ)៖ លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី រួមជាមួយសមាគមសហគ្រិនស្រ្តីកម្ពុជា (ស.ស.ស.ក.) នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ម្សិលមិញ បានរៀបចំមហាសន្និបាតលើកទី៩ តាមរយៈប្រព័ន្ធឌីជីថល លើកដំបូង ដើម្បីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលអាណត្តិទី៤។
ព្រឹត្តិការណ៍នេះ ត្រូវបានបែងចែកជាពីរវគ្គ ដោយវគ្គទីមួយ គឺជាការធ្វើបាយការណ៍របស់ក្រុមប្រឹក្សាភិបាលដែលជិតផុតអាណត្តិ និងកិច្ចប្រជុំទូទៅប្រចាំឆ្នាំរបស់សមាជិកសមាគម ហើយវគ្គទីពីរ គឺការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលអាណត្តិថ្មី។
ក្នុងពិធីបោះឆ្នោតតាមប្រព័ន្ធឌីជីថល ជាលើកដំបូងនេះ ដើម្បីជ្រើសរើសក្រុមប្រឹក្សាភិបាលអាណត្តិថ្មី ដោយមានលោកស្រីឧកញ៉ា មហាឧបាសិកាពុទ្ធសាសនូបត្ថមក៍ កែវ មុំ ជាអភិបាលក្រុមហ៊ុនលីលី ត្រូវទទួលបានសម្លេងគាំទ្រក្លាយជាប្រធានក្រុមប្រឹក្សាភិបាលសម្រាប់អណត្តិទី៤ ហើយលោកស្រីក៏ធ្លាប់ជាប្រធានអណត្តិមុនផងដែរ។
លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានថ្លែងថា CWEA ជាសសរស្តម្ភ និងភ្នាក់ងារដ៏សំខាន់ក្នុងការចូលរួមជំរុញនូវកំណើនសេដ្ឋកិច្ចនៅកម្ពុជា។
លោកស្រីរដ្ឋមន្រ្តីបានបញ្ជាក់បន្ថែម អំពីការស្វាគមន៍ចំពោះការចូលរួមរបស់ CWEA ជាមួយក្រសួងកិច្ចការនារីក្នុងការបង្កើត និងដំណើរការមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគ្រិនភាពស្ត្រី (Women’s Entrepreneur Development Center) ដើម្បីលើកកម្ពស់សហគ្រិនភាពស្ត្រី សមភាពយេនឌ័រ និងសេដ្ឋកិច្ចឱ្យកាន់តែមានភាពប្រសើរឡើង។
បើតាមលោកស្រីទន្ដបណ្ឌិត អេង លីគង់ ប្រធានក្រុមប្រឹក្សាភិបាលរបស់សមាគមសហគ្រិនស្ត្រីកម្ពុជា អាណត្តិទី៣ បានថ្លែងទាក់ទងនឹងចំណាប់អារម្មណ៍ផ្សេងៗ រួមទាំងការអភិវឌ្ឍនានា នៅក្នុងអាណត្តិទី៣ និងទស្សនវិស័យជាបន្តទៅមុខទៀត របស់សមាគមមុនពេលដែលអាណត្តិលោកស្រីទន្ដបណ្ឌិតត្រូវបានបិទបញ្ចប់។
ក្នុងព្រឹត្តិការបោះឆ្នោតតាមប្រព័ន្ធឌីជីថលនេះ លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ដែលជានាយកប្រតិបត្តិនៃ សហគ្រិនខ្មែរ (Khmer Enterprise) ជាដៃគូរបស់សមាគម និងជាអ្នកឧបត្ថម្ភធំនៅក្នុងមហាសន្និបាតនេះ ចំណុចលេចធ្លោមួយ នៃព្រឹត្តិការណ៍នេះ គឺការបញ្ចាំងខ្សែវីដេអូឯកសារ ដែលបង្ហាញពីសកម្មភាពរបស់ CWEA តាំងពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២១ ដែលក្នុងនោះសង្កេតឃើញទ្រព្យសម្បត្តិដ៏មានតម្លៃរបស់សមាគម គឺសកម្មភាពដ៏សែនមមាញឹករបស់គណៈកម្មការនីមួយៗ ក្រោមកិច្ចដឹកនាំរបស់ប្រធានគណៈកម្មការខុសៗគ្នាជាច្រើនរូប។
សូមបញ្ជាក់ថា កិច្ចការបោះឆ្នោតនេះ មានការចូលរួមពីអ្នកអង្កេតការណ៍ឯករាជ្យដោយ អ្នកនាង ធឿន សមនា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចស្រ្តី នៃក្រសួងកិច្ចការនារី និងឧកញ៉ា គួច ផេង អនុប្រធានសភាយុវពាណិជ្ជករអន្តរជាតិ (JCI) ពិភពលោកឆ្នាំ២០២១ ផងដែរ៕