(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចបិទខ្ទប់តំបន់ទំនប់រលកមួយផ្នែកចាប់ពីក្រុមទី៦ ដល់ក្រុមទី១១ ក្រុមទី១៦ ដល់ក្រុមទី២៤ និងក្រុមទី៣២ ជាបន្ទាន់ ចាប់ពីមាត់សមុទ្រដល់ផ្លូវរថភ្លើង ដោយកំណត់បិទចាប់ពីមុខស្នាក់ការកងរាជអាវុធហត្ថទំនប់រលក រហូតដល់ផ្លូវឡើងទៅរោងចក្រ អរ ស៊ី អាយ (ទាំងសងខាងផ្លូវ) ដោយមិនអនុញ្ញាតឱ្យមានការចេញ-ចូលតំបន់នោះបន្តទៀតឡើយ។
ការសម្រេចបិទខ្ទប់តំបន់មួយផ្នែកនេះ របស់រដ្ឋបាលខេត្តព្រះសីហនុ ដោយយោងតាមលទ្ធផលតេស្តវត្ថុសំណាក ដែលក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តបានយកពីប្រជាពលរដ្ឋនៅតំបន់ទំនប់រលក ស្ថិតភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ បានបញ្ជាក់ថាមានករណីវិជ្ជមានវីរុសកូវី៥-១៩ កើនឡើងជាបន្តបន្ទាប់ ពាក់ព័ន្ធជាមួយមនុស្សនៅក្នុងតំបន់នោះ។
បើតាមលិខិតដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន លោក គួច ចំរើន បានសម្រេចថា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩បន្ដទៀត ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ទំនប់រលកអាចធ្វើដំណើរដោយថ្មើរជើង ដើម្បីទិញម្ហូបអាហារ សម្ភារប្រើប្រាស់ចាំបាច់នានានៅផ្សារក្នុងភូមិ ដោយអ្នកលក់ និងអ្នកទិញត្រូវពាក់ម៉ាស់បាញ់អាល់កុល ឬដែលសម្លាប់មេរោគ រក្សាគម្លាតសុវត្ថិភាព ព្រមទាំងដាក់ខ្សែចងនៅមុខកន្លែងលក់ដូរឱ្យបានត្រឹមត្រូវ។
បើតាមលោកអភិបាលខេត្ត ដោយឡែកប្រជាពលរដ្ឋរស់នៅក្នុងក្រុមទី៩, ១២, ១៣, ១៤ និងក្រុមទី១៥ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ គឺមិនអនុញ្ញាតឱ្យចេញពីទីតាំងរបស់ខ្លួនឡើយ។ ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ នឹងចុះស្រាវជ្រាវសម្ភាសន៍អ្នកពាក់ព័ន្ធនៅក្នុងទីតាំងនោះ ហើយក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តនឹងចុះយកវត្ថុសំណាកពីអ្នករស់នៅក្នុងតំបន់នោះទាំងអស់គ្នាដើម្បីធ្វើតេស្តរកជំងឺកូវីដ-១៩។
បន្ថែមពីនេះ រដ្ឋបាលខេត្តព្រះសីហនុ សូមណែនាំដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ទំនប់រលក ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់វិធានការ «៣ការពារ និង៣កុំ» របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល។ ចំពោះប្រជាពលរដ្ឋដែលមានធុរចាំបាច់ត្រូវធ្វើដំណើរទៅ មកក្រុងព្រះសីហនុ-ស្រុកស្ទឹងហាវ ត្រូវវាងតាមផ្លូវរោងចក្រ អរ ស៊ី អាយ (RCI) វិញ។
លោក គួច ចំរើន បានបញ្ជាក់ច្បាស់ៗថា ក្នុងករណីលោក លោកស្រី មិនអនុវត្តតាមការណែនាំខាងលើរដ្ឋបាលខេត្តព្រះសីហនុ នឹងចុះអនុវត្តវិធានការតាមនីតិវិធីច្បាប់ជាធរមាន៕