(ភ្នំពេញ)៖ អ្នកកើតជំងឺកូវីដ១៩ម្នាក់ ធ្លាប់បានទៅកំដរប្អូនឆ្លងទន្លេ នៅមន្ទីរសម្រាកព្យាបាល និងសម្ភព អ៉ីលីត (ផ្សារសឡា) ដែលមានទីតាំងស្ថិតនៅភូមិភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១កន្លងទៅ។

អធិការនគរបាលខណ្ឌមានជ័យ លោកវរសេនីយ៍ឯក ម៉េង វិមានតារា បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ សហការជាមួយមន្ដ្រីសុខាភិបាល ចុះយកសំណាកបុគ្គលិកពេទ្យ របស់មន្ទីរសម្រាកព្យាបាល និងសម្ភព អ៉ីលីត សរុបចំនួន៩នាក់ ក្នុងនោះស្រី៧នាក់ ដើម្បីធ្វើតេស្ដ។

បច្ចុប្បន្នក្រោយបញ្ចប់ការយកសំណាក សមត្ថកិច្ចបានសម្រេចបិទទីតាំងមន្ទីរសម្រាកព្យាបាល និងសម្ភព អ៉ីលីត ជាបណ្ដោះអាសន្នរង់ចាំលទ្ធផលតេស្ដ ដែលបង្ហាញដោយក្រសួងសុខាភិបាល៕