(សៀមរាប)៖ លៀសហាល ជាអាហារមួយប្រភេទ ដែលប្រជាពលរដ្ឋខ្មែរនិយមហូប។ សព្វថ្ងៃមានប្រជាពលរដ្ធខ្មែរមួយចំនួន បានយករបរនេះធ្វើជាអាជីប ក្នុងនោះក៏មានលោក អាន គេង ពលរដ្ឋនៅក្រុងសៀមរាបម្នាក់ផងដែរ។ របរលក់លៀសហាល ជួយឲ្យជីវភាពគ្រួសារលោក អាន គេង មានភាពល្អប្រសើរ ហើយលោកក៏ពេញចិត្ត បើទោះបីត្រូវនៅហាលថ្ងៃរៀងរាល់ថ្ងៃយ៉ាងណាក្ដី។

ទោះបីជាស្ថិតក្នុងវិបត្តិជំងឺកូវីដក៏ដោយ របរលក់លៀសហាល នៅតែដំណើរការយ៉ាងរលូន នៅតាមដងវិថីនានាក្នុងខេត្តសៀមរាប។ លោក អាន គេង កំពុងលក់លៀសហាលតាមរទេះជាប្រចាំ នៅផ្លូវមួយកន្លែងម្ដុំផ្សារញ៉ែ ក្រុងសៀមរាប បានរៀបរាប់ប្រាប់អ្នកសារព័ត៌មាន Fresh News ថា រាល់ថ្ងៃនេះ ការលក់ធ្លាក់ចុះបន្តិចបើធៀបទៅនឹងឆ្នាំមុនៗ។ ពីមុនលោកលក់លៀសបានក្នុងមួយថ្ងៃ ៤០០គីឡូក្រាម មានថ្ងៃខ្លះឡើងដល់ ៥០០គីឡូក្រាមក៏មាន តែសព្វថ្ងៃនេះធ្លាក់មកនៅ ២០០គីឡូក្រាមប៉ុណ្ណោះ។

លោក គេង បានបញ្ជាក់ថា ទោះការលក់ធ្លាក់ចុះបន្ដិច តែរបរនេះវានៅតែល្អប្រសើរសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសាររបស់លោក ក្នុងកាលៈទេសៈដ៏លំបាកនេះ។

លោក អាន គេង ប្រកបរបរលក់លៀសហាល តាមរទេះនេះរយៈពេល ១១ឆ្នាំមកហើយ។ លៀសហាលរបស់លោក អាន គេង មាន ២ប្រភេទ មានហិរ និងអត់ហិរ គឺធ្វើតាមអតិថិជនដែលចូលចិត្ត។ រីឯតម្លៃវិញ លៀលហាលហិរមួយកំប៉ុង ៥ពាន់រៀល ចំណែកធម្មតាអត់ហិរមួយកំប៉ុង៣ពាន់រៀល។

បុរសអ្នកលក់លៀសហាលរូបនេះ ជាអ្នកខេត្តកំពង់ចាម តែដោយសារនៅឯស្រុកមិនមានការងារធ្វើ គ្រួសារលោកក៏សម្រេចចិត្តមករកស៊ីនៅខេត្តសៀមរាប។ ដើមឡើយពេលមកដល់ខេត្តសៀមរាបដំបូង លោកមានលុយតែ ២០ម៉ឺនរៀលប៉ុណ្ណោះ និងបានទិញរទេះចេកចៀនបន្តពីគេមកជួសជុល ហើយក៏ចាប់ផ្តើមលក់លៀសហាល ចាប់តាំងពីពេលនោះមក។

ការលក់ដំបូងៗលោក អាន គេង អះអាងថា លោកមិនចេះផ្សំគ្រឿងទេ លក់បានតិចតួចក្នុងមួយថ្ងៃ ហើយក្រោយមកបានសាកសួរអ្នកជិតខាងខ្លះពីបៀបធ្វើ តែគេមិនប្រាប់នោះទេ។ ក្រោយការខិតខំប្រឹងប្រែងមួយរយៈ និងការប្រឹងរកវិធីផ្សំគ្រឿងឲ្យលៀសហាលមានរសជាតិឆ្ងាញ់ លោក អាន គេង ចេះលាយគ្រឿងបន្តិចម្តងៗ រហូតមានការគាំទ្រពីអតិថិជន។

ដ្បតិថា លៀលហាលរបស់លោក អាន គេង មានការគាំទ្រច្រើន និងលក់ដាច់ ធ្វើឲ្យជីវភាពគ្រួសារលោកធូរធារក៏ពិតមែន តែរបរនេះ មានការនឿយហត់ខ្លាំងដែរ។ ជារៀងរាល់ថ្ងៃ លោកត្រូវក្រោកពីម៉ោង ១ទៀបភ្លឺ ដើម្បីស្រង់លៀស និងប្រឡាក់ រហូតដល់ម៉ោងទៅលក់។ លៀលរបស់លោក អាន គេង យកមកពីកំពង់ចាម កំពង់ឆ្នាំង កំពង់ធំ និងខ្លះមកពីទន្លេសាប។ រាល់ថ្ងៃនេះលោកលក់បីកន្លែង មួយខាងមុខផ្សារញ៉ែរ ពីរខាងមុខផ្សារហ៊ុយ ឡេង និងមួយទៀតនៅខាងកើតវិទ្យាល័យអង្គរ។

អតិថិជនមួយរូបសុំមិនបញ្ចេញឈ្មោះ បានប្រាប់ថា ជារឿយៗកញ្ញាមកទិញលៀសហាលនៅទីនេះ យកទៅហូបបាយជាមួយក្រុមគ្រួសារ ព្រោះថាលៀសហាលនៅទីនេះ មានរសជាតិឆ្ងាញ់ មានអនាម័យ ថែមទាំងមានទូរកញ្ចក់ សម្រាប់ដាក់កុំឲ្យធូរលីហុយទៀតផង ទើបធ្វើឲ្យកញ្ញាតែងតែមកទិញលៀសនៅទីនេះ៕