(ភ្នំពេញ)៖ អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងប័ណ្ណសមធម៌ ត្រូវបានយកទៅចែកជូនអាជីវករ ដែលមានវ័យចំណាស់ ចំនួន៣៨គ្រួសារ នៅផ្សារបន្លែច្បារអំពៅ ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ អំឡុងពេលប្រឈមជាមួយនឹងជំងឺកូវីដ១៩។

ពិធីនេះ ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ ដោយលោក សាន ប៊ុនណា ប្រធានគណៈកម្មការផ្សារបន្លែច្បារអំពៅ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

លោក សាន ប៊ុនណាន បានឲ្យដឹងថា បច្ចុប្បន្នដោយសារជំងឺកូវីដ១៩នេះ បានធ្វើឲ្យមានការប៉ះពាល់ដល់ជីវភាព និងស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅ ទើបសម្តេចតេជោ ហ៊ុន សែន មានគោលនយោបាយ ឲ្យស្ថាប័នពាក់ព័ន្ធ ជាពិសេសអាជ្ញាធរមូលដ្ឋាន ត្រូវស្រង់ស្ថិតិប្រជាពលរដ្ឋឲ្យបានច្បាស់លាស់ ជាពិសេសអ្នកដែលទីទាល់ក្រពិតប្រាកដ ដើម្បីផ្តល់ប័ណ្ណសមធម៌ ដើម្បីបានជួយសម្រាលជីវភាពការរស់នៅខ្វះខាតរបស់ប្រជាពលរដ្ឋ នេះសបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

លោកបញ្ជាក់ទៀតថា ជុំវិញការបង្ការទប់ស្កាត់ជំងឺ-១៩នេះ គឺគណៈកម្មការផ្សារ បានយកចិត្តទុកដាក់ធ្វើការផ្សព្វផ្សាយ និងណែនាំឲ្យអាជីវករ និងប្រជាពលរដ្ឋពាក់ម៉ាស បាញ់អាកុល វាស់កំដៅ និងបំពាក់ប្រព័ន្ធ QR Code ទប់ស្កាត់ដូវីដ StopCovid នៅតាមច្រកចេញចូលក្នុងផ្សារផងដែរ ដោយចាប់ផ្ដើមអនុវត្តពីម៉ោង៦ ព្រឹក រហូតដល់ម៉ោង១២ថ្ងៃត្រង់ ដោយសារតែផ្សារនេះ លក់តែមួយព្រឹកប៉ុណ្ណោះ។

នាឱកាសប្រគល់ប័ណ្ណសមធម៌ តាមរយៈអភិបាលរាជធានី ក្នុងនាមអាជីវករ លោក សាន ប៊ុនណា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានយកចិត្តទុកដាក់ជួយដល់ពួកគាត់កំពុងជួបបញ្ហាខ្វះខាត ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងជាកំលុងពេលជំងឺកូវីដ១៩ កំពុងតែរីករាតត្បាត។

លោកក៏បានផ្ដាំផ្ញើដល់អាជីវករទាំងអស់ឲ្យរក្សានូវអនាម័យល្អ ផឹកស្អាត ហូបស្អាត រស់នៅស្អាត ជាពិសេសត្រូវអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលជានិច្ច ក្នុងការបង្ការទប់ស្កាត់ប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ ដែលកំពុងតែគំរាមកំហែងសុខភាព និងជីវភាពប្រជាពលរដ្ឋជាសកល មិនថាតែប្រទេសកម្ពុជាយើងមួយប៉ុណ្ណោះទេ៕