(ភ្នំពេញ)៖ វីដេអូឆ្នើមខ្នាតខ្លីចំនួន១០ ត្រូវជ្រើសរើស និងផ្សព្វផ្សាយ នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ម្សិលមិញ ក្រោយពីការបិទបញ្ចប់ការប្រកួតនៅចុងសប្តាហ៍កន្លងទៅ ដោយទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) ប្រចាំទីនៅក្រុងភ្នំពេញ។ ខណៈវីដេអូចំនួន៣ ត្រូវបានជាប់ចំណាត់ថ្នាក់ជាវីដេអូឆ្នើមបំផុត ក្នុងចំណោមវីដេអូខ្នាតខ្លីទាំង១០។
ក្រោយពីបានប្រកាសផ្សព្វផ្សាយរួចមក សេចក្តីអត្ថាធិប្បាយជាច្រើនសំដែងនូវការត្រេកអរគាំទ្រ និងធ្វើការចែករំលែកយ៉ាងឆាប់រហ័សនៅក្នុងបណ្តាញសង្គមនូវលទ្ធផលដែលជាការទន្ទឹងរង់ចាំយ៉ាងអន្ទះសាររបស់យុវជនអ្នកចូលរួមប្រកួត និងអ្នកគាំទ្រដែលចេះនិយាយភាសាបារាំង ទាំងឡាយនៃគ្រឹះស្ថានឧត្ថមសិក្សាប្រើប្រាស់ភាសាបារាំង នៅកម្ពុជា។
នេះជាឆ្នាំទី២ ហើយដែល (AUF) បានរៀបចំការប្រកួតនេះឡើងក្នុងក្របខ័ណ្ឌ នៃការប្រារព្ធទិវាអន្តរជាតិ នៃបណ្តាប្រទេសនិយាយភាសាបារាំង (La Journée internationale de la Francophonie)។ AUF បានបង្កើតគណៈកម្មការវាយតម្លៃដាក់ពិន្ទុយ៉ាងតឹងតែងលើស្នាដៃវីដេអូខ្នាតខ្លីរបស់ប្អូនៗ យុវនិស្សិត ដើម្បីរកឱ្យឃើញវាគ្មិនដ៏ឆ្នើមចេះនិយាយភាសាបារាំងយ៉ាងពិតប្រាកដ និងពោរពេញដោយភាពច្នៃប្រឌិត។
វីដេអូឆ្នើមបំផុតចំនួន៣ ក្នុងចំណោមវីដេអូខ្នាតខ្លីទាំង១០ ជាស្នាដៃរបស់និស្សិត ឈន តុលា (ជ័យលាភីលេខ១ មកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា)។
ទី២៖ និស្សិត រស់ រក្សា (ជ័យលាភីលេខ២ មកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច) និងនិស្សិត ហង់ សុនីមិត្ត (ជ័យលាភីលេខ៣ មកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា)។
និងទី៣៖ ដោយឡែកនិស្សិត៣រូប ដែលទទួលបានរង្វាន់លើកទឹកចិត្តរួមមាននិស្សិត ចំរើន ពុទ្ធវិច្ឆិកា (មកពីសាលាភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច) និស្សិត ថន ស្រីល័ក្ខ (មកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ) និងនិស្សិត នូ សុផារិទ្ធ (មកពីសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង)។
និស្សិត៣រូប មកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និង១រូប មកពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនឹងទទួលរង្វាន់ចូលរួមពីទីភ្នាក់ងារឧត្តសិក្សាប្រើប្រាស់ភាសាបារាំង (AUF)។
វត្ថុបំណងនៃការប្រកួតវីដេអូខ្នាតខ្លីលើកទី២នេះ ផ្តោតលើប្រធានបទ៖ «ជីវិតខ្ញុំជានិស្សិតក្នុងអំឡុងពេលរីករាលដាលកូវីត-១៩ គឺធ្វើចង់អោយយុវនិស្សិតបង្ហាញនូវបទពិសោធន៍ ការលំបាក និងការសិក្សារបស់ពួកគេក្នុងរយៈពេលនៃការរីករាលដាលជំងឺកូវីត-១៩ និងជំរុញការប្រើប្រាស់ភាសាបារាំង តាមរយៈឧបករណ៍ឌីជីថល និងភាពច្នៃប្រឌិតរបស់យុវជន»។
ឆ្នាំនេះមានបេក្ខជនជាង៥០នាក់ បានចុះឈ្មោះចូលរួមប្រកួត វីដេអូខ្នាតខ្លីប្រមាណជាង៣០ ត្រូវបានផុសផ្សាយ និងចែកចាយតាមបណ្តាញសង្គមលើទំព័រហ្វេសប៊ុក។ វីដេអូខ្នាតខ្លីចំនួន៤ផ្សេងទៀត ដែលស្នើឡើងដោយយុវជននៃអង្គការប្រើប្រាស់ភាសាបារាំង Happy Chandara ដើម្បីចូលរួមក្នុងទិវាអន្តរជាតិ នៃបណ្តាប្រទេសនិយាយភាសាបារាំង។ វីដេអូមួយចំនួនទទួលបានការពេញចិត្តរហូតដល់ជាង ៤០០០ Likes និងការចែកចាយរាប់រយ Shares ដែលបង្ហាញយ៉ាងច្បាស់នូវការចូលរួមយ៉ាងសកម្មក្នុងសកម្មភាពហ្វ្រង់កូហ្វូនី ឌីជីថល នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សូមរំលឹកថាដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ សកម្មភាព និងព្រឹត្តិការណ៍ហ្វ្រង់កូហ្វូនទាំងឡាយស្ទើរតែទាំងអស់ត្រូវលើកពេល ឬលុបចោលនៅកម្ពុជា ក៏ដូចជានៅក្នុងទីក្រុង និងប្រទេសជាច្រើនទៀតដែលប្រើប្រាស់ភាសាបារាំងរួមគ្នាលើពិភពលោក។
ប៉ុន្តែសកម្មភាពហ្វ្រង់កូហ្វូនមួយចំនួន ត្រូវបានប្រារព្ធធ្វើឡើងទៅតាមទំរង់ផ្សេងៗគ្នាតាមដែលអាចធ្វើទៅបាន។ នៅប្រទេសកម្ពុជា នាខែមីនា ឆ្នាំ២០២១ សកម្មភាពហ្វ្រង់កូហ្វូនខ្លះៗ ត្រូវបានរៀបចំឡើងតាមអនឡាញដោយទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង និងស្ថានទូតបារាំង ប្រចាំនៅកម្ពុជា។ នៅខែមីនានេះផងដែរ ការផ្ទុះឡើងនូវការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ក៏មានសភាពខ្លាំងក្លា និងប៉ះពាល់ដល់ទីក្រុង និងខេត្តជាង១០របស់កម្ពុជា។ ទោះបីយ៉ាងណាក៏សកម្មភាពហ្វ្រង់កូហ្វូនី ស្ថិតនៅតែរស់រវើក និងសកម្មជានិច្ច៕