(ភ្នំពេញ)៖ ចាប់តាំងពីកម្ពុជាជួបប្រទះវិបត្តិនៃជំងឺកូវីដ-១៩ ក្រុមហ៊ុន ជីប ម៉ុង បានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាយ៉ាងសកម្ម ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតមួយនេះ មិនដែលអាក់ខានឡើយ។

នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ក្រុមហ៊ុន ជីប ម៉ុង បានឧបត្ថម្ភថវិកា ៥សែនដុល្លារសហរដ្ឋអាមេរិកជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ជីប ម៉ុង បានបរិច្ចាគថវិកា ៣លានដុល្លារសហរដ្ឋអាមេរិក ជូនរាជរដ្ឋាភិបាល ដើម្បីទិញវ៉ា់ក់សាំងបង្ការកូវីដ-១៩ ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ជីប ម៉ុង បានឧបត្ថម្ភម៉ាស់ ៥លានម៉ាស់ជូនរាជរដ្ឋាភិបាលកម្ពុជា នៅប៉ុន្មានថ្ងៃក្រោយផ្ទុះព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ជីប ម៉ុង សម្រេចបរិច្ចាគថវិកា ៣លានដុល្លារសហរដ្ឋអាមេរិកបន្ថែមទៀត ជូនរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។

ក្រុមហ៊ុន ជីប ម៉ុង គ្រុប នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ បានឧបត្ថម្ភថវិកា ១០ម៉ឺនដុល្លារ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដែលចូលរួមប្រយុទ្ធប្រឆាំងវីរុសកូវីដ-១៩។ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ជីប ម៉ុង បានប្រកាសបរិច្ចាគថវិកា ២លានដុល្លារផ្សេងទៀត ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមទិញយកមន្ទីរពេទ្យ«នគរទេព» ហើយប្តូរឈ្មោះទៅជាមន្ទីរពេទ្យ «ហ្លួងម៉ែ» ដើម្បីប្រើប្រាស់ជាមន្ទីរព្យាបាលជំងឺកូវីដ-១៩។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាពាណិជ្ជកម្មមួយរបស់ ជីប ម៉ុង បានប្ដូរផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មជាច្រើនកន្លែងទូទាំងប្រទេស និងការផ្សាយតាមឌីជីថល ទៅជាការផ្សាយសារអប់រំ «វិធានការ៖ ៣ការពារ ៣កុំ» ចំណាយថវិកាជាង ១៥ម៉ឺនដុល្លារ។ ខ្មែរ ប៊ែវើរីជីស ក៏បរិច្ចាគទឹកបរិសុទ្ធ កម្ពុជា និងភេសជ្ជៈផ្សេងៗ រាប់ម៉ឺនកេសដល់មន្រ្តីនគរបាល មន្ទីរពេទ្យ មណ្ឌលធ្វើចត្តាឡីស័ក និងមន្ទីរពេទ្យចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្រោមយុទ្ធនាការ «ទឹកចិត្តកម្ពុជា»

ក្រុមហ៊ុន ជីប ម៉ុង តែងតែងរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាជានិច្ច ទាន់ពេលវេលា និងគ្រប់កាលៈទេសៈ ជាពិសេសក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះតែម្តង ដើម្បីចូលរួមអភិវឌ្ឍប្រទេសកម្ពុជា៕