(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ១៩ នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យទីតាំងចំនួន៥រួមមាន ក្រសួងព័ត៌មាន, ក្រសួងសេដ្ឋកិច្ច, ក្រសួងការបរទេស, ក្រសួងបរិស្ថាន និងសណ្ឋាគារ កាំបូឌីយ៉ាណា ដើម្បីត្រៀមសម្រាប់ការផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងស៉ីណូវ៉ាក់ (Sinovac) នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមេសាស្អែកនេះ។
ដោយអនុវត្តន៍តាមការណែនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ១៩ បានកំណត់ក្រុមគោលដៅ ដែលត្រូវចាក់វ៉ាក់សាំងសរុប ចំនួន៧៤៥,០០០នាក់ (សម្រាប់ចំនួនដូសទី១) សម្រាប់ចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (SINOVAC) ដោយត្រូវអនុវត្តន៍ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ជូនក្រុមមនុស្សដែលដល់វេនចាក់នាពេលនេះ មានដូចតទៅ៖
* ទី១៖ ក្រុមគ្រូពេទ្យ បុគ្គលិក និងមន្ត្រីសុខាភិបាលជួរមុខ (សេវារដ្ឋ និងសេវាសុខាភិបាលឯកជនស្របច្បាប់ និងដែលមានបញ្ជីឈ្មោះត្រឹមត្រូវ បានផ្ញើជូនគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ឬទៅមន្ទីរសុខាភិបាលរាជធានី-ខេត្ត រួចហើយ) ទាំងថ្នាក់ជាតិ និងក្រោម
ជាតិ ដែលពុំទាន់បានចាក់ពីមុន
* ទី២៖ រដ្ឋសភា ព្រឹទ្ធសភា និងក្រុមគ្រួសារ ដែលមានបញ្ជីឈ្មោះផ្ញើជូន ប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ១៩ រួចហើយ
* ទី៣៖ អ្នកសារព័ត៌មានដែលពុំទាន់បានចាក់ពីមុន (ដែលមានបញ្ជីឈ្មោះត្រឹមត្រូវបានផ្ញើជូនប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ១៩ តាមរយៈក្រសួងព័ត៌មាន ឬទៅមន្ទីរសុខាភិបាលរាជធានី-ខេត្ត រួចហើយ)
* ទី៤៖ កងកម្លាំង និងមន្ត្រីមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលពុំទាន់បានចាក់ពីមុននៅតាមរាជធានី-ខេត្ត (ចាំបាច់ត្រូវមានបញ្ជីឈ្មោះរៀបចំ ដោយអាជ្ញាធររាជធានី-ខេត្តពាក់ព័ន្ធ)
* ទី៥៖ មន្ត្រីរាជការស៊ីវិល រួមទាំងបុគ្គលិកកិច្ចសន្យាទាំងអស់ នៅគ្រប់ក្រសួង ស្ថាប័ន នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំងសាស្ត្រាចារ្យ-គ្រូបង្រៀន នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលនានាទូទាំងប្រទេស (ដែលបានធ្វើសម្រង់បញ្ជីឈ្មោះ ដោយក្រសួងអប់រំ យុវជន និងកីឡា ដោយបានផ្ញើជូនប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ១៩ រួចហើយ)
* ទី៦៖ មន្ត្រី-បុគ្គលិកបម្រើការ នៃអគ្គិសនីកម្ពុជាទូទាំងប្រទេស នៃអាជ្ញាធរជាតិទាំងអស់ នៃគណៈមេធាវី នៃសាលាក្តីខ្មែរក្រហម នៃលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមហ៊ុនអាកាសចរនានា ដែលបានផ្ញើបញ្ជីឈ្មោះជូន ប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ១៩ រួចហើយ
* ទី៧៖ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប កាណាឌីយ៉ាគ្រប ដែលបានផ្ញើបញ្ជីឈ្មោះជូន ប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ១៩ រួចហើយ
* ទី៨៖ កម្មករ-កម្មការិនី នៅតាមរោងចក្រមួយចំនួន (ទៅតាមវេន) ដែលសម្របសម្រួលរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានផ្ញើជូន ប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ១៩៕