(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ បានក្រាបបង្គំទូលថ្វាយថ្លែងអំណរ ព្រះរាជគុណសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ដែលរាជានុញ្ញាតឲ្យប្រើប្រាស់ព្រះរាជទ្រព្យ ដែលជាដង្វាយរបស់កាកបាទក្រហមកម្ពុជា ក្នុងព្រះរាជសកម្មភាពមនុស្សធម៌ផ្សេងៗ។ នេះបើតាមសារលិខតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសរសេរក្នុងសារលិខិត ដែលថ្វាយទៅសម្តេចម៉ែ យ៉ាងដូច្នេះថា៖ «ខ្ញុំម្ចាស់ និងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា មានសេចក្តីសោមនស្សរីករាយក្រៃលែង ដោយបានទទួលព្រះរាជសារដ៏ឧត្តុង្គឧត្តម របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ស្តីអំពីការប្រើប្រាស់ព្រះរាជទ្រព្យ ដែលជាដង្វាយរបស់កាកបាទក្រហមកម្ពុជា ក្នុងព្រះរាជសកម្មភាពមនុស្សធម៌ផ្សេងៗ។
តាងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកា មន្ត្រី បុគ្គលិកទាំងអស់ នៃកាកបាទក្រហមកម្ពុជា ខ្ញុំម្ចាស់សូមព្រះបរមរាជានុញ្ញាតថ្លែងអំណរព្រះរាជគុណ ដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលតែងតែលើកទឹកចិត្តដល់ខ្ញុំម្ចាស់ ដើម្បីខិតខំបំពេញភារកិច្ចដឹកនាំសកម្មភាពកាកបាទក្រហមកម្ពុជា បានទទួលនូវជោគជ័យថ្មីៗទៀត សម្រាប់ជាឧត្តមប្រយោជន៍ជូនជាតិ មាតុភូមិ និងប្រជារាស្ត្រ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា»៕
ខាងក្រោមនេះជាសារលិខិត របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្វាយសម្តេចម៉ែ៖