(ភ្នំពេញ)៖ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ បានផ្ញើព្រះរាជសារ ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា បញ្ជាក់ពីព្រះរាជអំណោយ នៃដង្វាយថវិការបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៥០០,០០០ដុល្លារអាមេរិក ដែលសម្តេចម៉ែ បានផ្តល់ជូនដល់មន្ទីរពេទ្យ ដើម្បីជួយព្យាបាលកូនចៅប្រជារាស្ត្រក្រីក្រ។

នៅក្នុងព្រះរាជសារសម្តេចម៉ែ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ បានឱ្យយ៉ាងដូចនេះថា «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាទីរាប់អាន ដ៏ខ្ពង់ខ្ពស់បំផុត និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ខ្ញុំមានកិត្តិយសជំរាបសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជ្រាបថា ដង្វាយដ៏សប្បុរសរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទ ក្រហមកម្ពុជា ដែលបានថ្វាយកាលពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២០ នៅមហាប្រាសាទខេមរិន្ទ មានថវិកាចំនួន ៥០០.០០០USD (ប្រាំរយពាន់ដុល្លារអាមេរិក) ខ្ញុំបានយកទៅប្រើប្រាស់ ជាប្រយោជន៍ដល់ សេចក្តីត្រូវការ របស់មន្ទីរពេទ្យដើម្បីជួយព្យាបាលកូនចៅប្រជារាស្ត្រក្រីក្រដូចខាងក្រោម៖

* ២០០,០០០ USD (ពីររយពាន់ដុល្លារអាមេរិក) ជូនមូលនិធិមន្ទីរពេទ្យកុមារគន្ធបុប្ផា តាមរយៈលោកវេជ្ជបណ្ឌិត Denis Laurent អគ្គនាយកមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា កាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២១។

* ៥០,០០០ USD (ហាសិបពាន់ដុល្លារអាមេរិក) ជូនមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្ដីសង្ឃឹម កាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២១។
* ៥០,០០០ USD (ហាសិបពាន់ដុល្លារអាមេរិក) ជូនមន្ទីរពេទ្យព្រះកុសុមៈ កាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២១។

ថវិកាខាងលើនេ៖ ខ្ញុំបានជំរាបជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នូវសារលិខិតកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១។

ចំណែកថវិកាដែលនៅសល់ ២០០,០០០USD (ពីររយពាន់ដុល្លារអាមេរិក) ខ្ញុំបានជូនទៅសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ទិញថ្នាំវ៉ាក់សាំងការទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ ជាជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

បុណ្យមហាកុសលដែលកើតឡើង អំពីការបរិច្ចាគថវិកាខាងលើនេះសូមជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រកបដោយព្រះពុទ្ធពរគ្រប់ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងទទួលនូវសេចក្តីរាប់អានដ៏ខ្ពង់ខ្ពស់បំផុ តនិងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត អំពីខ្ញុំ»៕

ខាងក្រោមនេះជាព្រះរាជសាររបស់សម្តេចម៉ែ៖