(ស្វាយរៀង)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចតែងតាំងលោកវរសេនីយ៍ឯក ម៉ម យ៉យ អត្តលេខ ០៤៧៤៣ ពីនាយរងប៉ុស្តិ៍ ទៅជានាយប៉ុស្តិ៍នគរបាលច្រកទ្វាព្រំដែនអន្តជាតិបាវិត ការិយាល័យច្រកទ្វារព្រំដែនអន្តរជាតិ នាយកដ្ឋានច្រកទ្វារទី២ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជំនួសសពលោក ខាត់ សារ៉ាត់ ដែលបានទទួលមរណភាព ដោយរោគាពាធកាលពីថ្មីៗនេះ។
នេះបើយោងតាមប្រកាស ស្ដីពីការតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ របស់សម្ដេចក្រឡាហោមស ខេង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ។
លោក ខាត់ សារ៉ាត់ ដែលត្រូវជាប្អូនថ្លៃសម្តេចក្រឡាហោម ស ខេង បានទទួលមរណភាព កាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ដោយរោគាពាធ។ លោក ខាត់ សារ៉ាត់ បានតស៊ូនឹងជំងឺរ៉ាំរ៉ៃរបស់គាត់រយៈពេលជាច្រើនឆ្នាំមកហើយ រហូតទៅព្យាបាលនៅក្រៅប្រទេស ក៏មិនបានធូរស្បើយដែរ។
សូមបញ្ជាក់ថា លោកវរសេនីយ៍ឯក ម៉ម យ៉យ មកកាន់តំណែងជានាយរងប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិត ជាង១០ឆ្នាំមកហើយ រយៈកាលកន្លងមក លោកមានស្នាដៃល្អក្នុងការបំពេញការងារ ដោយចេះសហការជាមួយនឹងមន្ត្រីប៉ុស្តិ៍នៅច្រកទ្វារនេះ បានល្អប្រសើរផងដែរ៕