(ពោធិ៍សាត់)៖ លោក ចេង ឡៃ អភិបាលរងខេត្តពោធិ៍សាត់ រួមទាំងអាជ្ញាធរ ឃុំ ស្រុក និងក្រុមការងារ នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ បានបំភ្លឺលើព័ត៌មានទំនាស់ដីធ្លីមួយកន្លែង ដែលបុគ្គលឈ្មោះ ផល អាត់ ភេទស្រី អាយុ៤៤ឆ្នាំ បានរំលោភហ៊ុមព័ទ្ធយកដីបំរុងទុករបស់រដ្ឋ មកធ្វើជាដីកម្មសិទ្ធិរបស់ខ្លួន នៅចំណុចដំបូកច្រាប ស្ថិតក្នុងភូមិក្បាលដំរី ឃុំអន្សារចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ហើយបានបោះព័ត៌មាន ឱ្យបណ្តាញព័ត៌មានមួយចំនួនចុះផ្សាយបំភ្លៃបំភ្លើស ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសក្រុមការងារ និងថ្នាក់ដឹកនាំ។
ការចុះមកបំភ្លឺខាងលើនេះ គឺដោយបានគោលការណ៍ឯកភាពពីលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងលោក កែវ រតនៈ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្ដៀង។
សូមបញ្ជាក់ជូនថា ទីតាំងដីទំនាស់ខាងលើនេះ ពីមុនគឺជាដីសម្បទានសេដ្ឋកិច្ច ដែលរាជរដ្ឋាភិបាលប្រគល់ជូនក្រុមហ៊ុន ភាពីម៉ិច ធ្វើការអភិវឌ្ឍដំណាំដំឡូងមី។ ក្រោយមក ក៏មានប្រជាពលរដ្ឋបានចូល ទៅកាន់កាប់ហើយអាជ្ញាធរខេត្ត ក៏បានសុំគោលការណ៍ពីសម្ដេចប្រមុខ ដើម្បីកាត់ឆ្វៀលដីមួយចំនួនពីផ្លូវភ្លើង ដើម្បីបែងចែកជូនប្រជាពលរដ្ឋអាស្រ័យផល និងខ្វះខាតជាក់ស្ដែង ចំនួន៣៨គ្រួសាររួចមកហើយ។ បន្ទាប់ពីនោះក៏នៅសេសសល់មួយចំនួនតូចទៀត គឺសម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋនៅក្នុងឃុំ ដែលមានការខ្វះខាតពិតប្រាកដ។
ចំពោះបុគ្គលឈ្មោះ ផល អាត់ គឺពុំមានឈ្មោះក្នុងក្រុមប្រជាពលរដ្ឋ ដែលមានការខ្វះខាតនោះទេ ផ្ទុយទៅវិញបុគ្គលរូបនេះ បានអះអាងថាដីដែលខ្លួនអាស្រ័យផលសព្វថ្ងៃ គឺបានមកតាមរយៈការដោះដូរ និងទិញលក់ ពីប្រជាពលរដ្ឋ ដោយមានលិខិតស្នាមផ្លូវច្បាប់ត្រឹមត្រូវ។
ដោយយោងតាមប្រវត្តិ និងការបញ្ជាក់ពីលោក ចេង ឡៃ ដែលជាអតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត បានឱ្យដឹងថា ដីដែលបុគ្គល ផល អាត់ ទាមទារចង់បាននោះ គឺពុំមានឯកសារផ្លូវច្បាប់ ត្រឹមត្រូវនោះទេ អាជ្ញាធរមូលដ្ឋានធ្លាប់បានដោះស្រាយដោយប្រគល់ដីជូនទំហំ៥០ គុណ២៥០ម៉ែត្រ ដើម្បីបញ្ចប់ទំនាស់ តែបុគ្គលនោះនៅតែបន្តរំលោភបំពាន ធ្វើរបងហ៊ុព័ទ្ធយកដីបម្រុងទុករបស់រដ្ឋ គ្រោងនឹងធ្វើការចែកជូនប្រជាពលរដ្ឋដែលមានការខ្វះខាតពិតប្រាកដ ចំនួន១៥គ្រួសារបន្ថែមទៀត។
ក្នុងនោះដែរអាជ្ញាធរខេត្ត ស្រុក ឃុំ ក៏ដូចជាក្រុមការងារ ក៏បានធ្វើការផ្សព្វផ្សាយ ណែនាំបុគ្គលនោះជារើយៗ តែបុគ្គល ផល អាត់ នៅតែផ្គើននឹងបទបញ្ជា រហូតដល់គណៈបញ្ជាការឯកភាពស្រុក អនុវត្តវិធានការរដ្ឋបាល ធ្វើការឈូកឆាយ និងទាញរំលំរបង ដែលបុគ្គលនោះធ្វើការហ៊ុព័ទ្ធថ្មីៗ។ ក្រោយមកគេសង្កេតឃើញមានសារព័ត៌មានមួយចំនួន បានធ្វើការផ្សព្វផ្សាយព័ត៌មានបំភ្លៃបំភ្លើស ធ្វើឱ្យអាប់ឱនកិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់ថ្នាក់ដឹកនាំខេត្ត ស្រុក ក៏ដូចជាក្រុមការងារ ដែលអនុវត្តវិធានការរដ្ឋបាល ទាក់ទងនឹងការរំលោភយកដីសាធារណៈរបស់រដ្ឋ ក៏ដូចជាដីបម្រុងទុករបស់រដ្ឋ នៅទីតាំងមួយចំនួនក្នុងឃុំអន្សាចំបក់ ពីបុគ្គលឈ្មោះ ផល អាត់។
ដូច្នេះហើយ សូមសាធារណជន មេត្តាស្វែងយល់ និងកុំមានការភ័ន្តច្រឡំមកលើអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏ដូចជាក្រុមការងារ ដែលបានខិតខំគ្រប់បែបយ៉ាង ដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋ៕