(កណ្ដាល)៖ ផ្ទះថ្មដ៏ស្រស់ស្អាតទំហំសមរម្យត្រូវបានប្រគល់ជូនប្រជាពលរដ្ឋខ្មែរឥស្លាម ចំនួន៤៨ខ្នងផ្ទះ នៅតាមបណ្ដាខេត្តនីមួយៗ ដែលនេះជាគម្រោង នៃការផ្ដល់ជូនដល់ជនក្រីក្រពីសំណាក់សមាគមប្រភពល្អកម្ពុជា ដែលមានលោក សុះ មូហាំម៉ាត់ ប្រធានសមាគម និងជាទីប្រឹក្សាសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
លោក សុះ មូហាំម៉ាត់ ប្រធានសមាគមប្រភពល្អ បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះថា នេះគឺជាគម្រោងមួយ ស្ថិតនៅក្នុងគម្រោងជាច្រើន ដែលសមាគមប្រភពល្អសម្រេចបានជាសមិទ្ធផលនានាជាច្រើន ជូនដល់សហគមន៍ឥស្លាមស្ថិត ក្នុងសម័យតេជោសន្តិភាព។ ផ្ទះថ្មនេះ ជាគម្រោងសម្រាប់ឆ្នាំ២០២០ ដែលទទួលបានជំនួយឧបត្ថម្ភពីរដ្ឋគូវ៉ែត រដ្ឋឥស្លាមគូវ៉ែត មានការអាណិតអាសូរ និងចង់ជួយដល់សហគមន៍ខ្មែរឥស្លាម ឲ្យមានការរីកចម្រើនពិសេស គឺចង់ជួយក្នុងការកាត់បន្ថយភាពក្រីក្រ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។
លោកប្រធានសមាគមប្រភពល្អ បានបញ្ជាក់ទៀតថា «អរគុណសន្តិភាព» អរគុណសម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានដឹកនាំនាវាកម្ពុជា ពីបាតដៃទទេឲ្យមានការរីកចម្រើនដូចសព្វថ្ងៃ ប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍ មានសេដ្ឋកិច្ចលូតលាស់ រីកចម្រើន ប្រជាពលរដ្ឋមានជីវភាពកាន់តែធូធាឡើងៗ ដែលនេះសបញ្ជាក់ឲ្យឃើញពីតម្លៃសន្តិភាព ដែលគណបក្សប្រជាជនកម្ពុជា ខិតខំដឹកនាំប្រទេសជាតិ កសាងប្រទេសជាតិឲ្យមានសុខសន្តិភាព និងការរីកចម្រើនពីបាតដៃទទេ រហូតដល់មានបានដូចសព្វថ្ងៃនេះ។
លោក សុះ មូហាំម៉ាត់ បានបញ្ជាក់ទៀតថា សមាគមប្រភពល្អ បានបើកដំណើរការតាំងពីឆ្នាំ១៩៩៣មកម្លេះ ដែលសមាគមបានសម្រេចស្នាដៃ និងសមិទ្ធផលនានាជាច្រើនទូទាំងប្រទេស រួមមាន៖ វិហារសាសនា សូរ៉ាវ អណ្ដូងទឹក សាលារៀន មន្ទីរពេទ្យ មជ្ឈមណ្ឌលសម្រាប់សិស្សានុសិស្ស សិក្សារៀនសូត្រស្នាក់នៅដោយឥតគិតថ្លៃ និងគម្រោងជាច្រើនផ្សេងទៀត៕