(កណ្ដាល)៖ អគារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកល្វាឯម ខេត្តកណ្ដាល ត្រួវបានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ហើយ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ ដែលមានទីតាំងនៅភូមិផ្លូវត្រី ឃុំថ្មគរ។ ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព លោក កន សុកកាយ អភិបាលស្រុកល្វាឯម និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក និងភរិយា រួមជាមួយលោក សែម សោត្ថី ប្រធានក្រុមប្រឹក្សាស្រុក។
លោកអភិបាលស្រុក បានប្ដេជ្ញាថា នឹងនៅតែបន្តបម្រើប្រជាពលរដ្ឋនៅទូទាំងស្រុកល្វាឯម អស់ពីចិត្ត អស់ពីថ្លើម និងប្រាប់ទៅអាជ្ញាធរមូលដ្ឋាន ត្រូវធ្វើការងារជួយដល់ប្រជាពលរដ្ឋបម្រើប្រជាពលរដ្ឋឲ្យបានល្អ ពិសេសជួយលើកកិត្តិយសមុខមាត់ គណបក្សប្រជាជនកម្ពុជា ដើម្បីជាបង្អែកដ៏រឹងមាំរបស់ប្រជាពលរដ្ឋទូទាំងស្រុកល្វាឯមផងដែរ។
គួរជម្រាបជូនថា ចាប់តាំងពីលោក កន សុកកាយ ឡើងកាន់តំណែងជាអភិបាលស្រុកល្វាឯមមក ប្រជាពលរដ្ឋមើលឃើញថា លោកមានសកម្មភាពរស់រវើក និងជាប្រចាំក្នុងការចុះជួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានស្រុកល្វាឯម។
ពិសេសអំឡុងពេលដែលមានការផ្ទុះការរីករាលដាលជំងឺកូវីដ-១៩នេះ លោកអភិបាលស្រុក តែងតែដឹកនាំក្រុមការងារចុះអប់រំ ចុះជួយដល់ប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវី-១៩នេះ ឲ្យអស់ចេញពីមូលដ្ឋាន តបតាមការអំពាវនាវពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់វិធាន ៣ការពារ និង៣កុំ យ៉ាងម៉ឹងម៉ាត់បំផុត៕