(ភ្នំពេញ)៖ ម្ចាស់ហាង ស័ក្តិ ស្ប៉ា (ស្ទីម សូណា ម៉ាស្សា និងក្លឹបហាត់ប្រាណ) ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានប្រកាសបន្ដឧបត្ថម្ភថវិកាជូនបុគ្គលិករបស់ខ្លួន ម្នាក់៥០ដុល្លារ ចំនួន៤៥នាក់ ដើម្បីសម្រួលការលំបាករបស់បុគ្គល បើទោះបីខ្លួនផ្អាកអាជីវកម្មបណ្ដោះអាសន្ន ដោយសារការឆ្លងរីករាលជំងឺកូវីដ១៩យ៉ាងណាក្ដី។
ម្ចាស់ហាង ស័ក្តិ ស្ប៉ា បានជូនដំណឹងនៅលើ Facebook ផ្ទាល់ខ្លួនថា «នាងខ្ញុំសូមជម្រាប ជូនដំណឹងដល់បុគ្គលិក ស័ក្តិ ស្ប៉ា ទាំងអស់សូមអញ្ជើញមកទទួលយកប្រាក់ឧបត្ថម្ភចំនួន៥០ដុល្លារ ស្មើៗគ្នាទាំង៤៥នាក់។ ទោះបីជាកន្លែងរបស់ពួកយើង ត្រូវបានផ្អាកជាបណ្តោះអាសន្នដោយសារជំងឺកូវីដ១៩»។
ម្ចាស់ហាងដដែលបន្ដថា «ការផ្អាកធ្វើការងាររយៈពេញ១ខែនេះ ក៏នាងខ្ញុំបានសម្រេចចិត្តផ្តល់ជូនជាប្រាក់ឧបត្ថម្ភ ដល់បុគ្គលិកទាំងអស់ ទោះបីថវិកានេះ តិចតួចមែនតែវាអាចជួយកាត់បន្ថយនៅស្ថានភាព ដែរពួកយើងជួបនូវការលំបាកបានមួយរយៈពេលដែរ។ នាងខ្ញុំសង្ឃឹមថា បងប្អូនបុគ្គលិកទាំងអស់ នឹងមានសុខភាពល្អ ដោយគោរពបាននៅការណែនាំរបស់ក្រសួងសុខាភិបាល និងវិធាន ៣ការពារ និង៣កុំ របស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានគ្រប់ៗគ្នា»។
ក្នុងនាមជាអភិបាលខណ្ឌពោធិ៍សែនជ័យ លោក ហែម ដារិទ្ធិ ក៏ថ្លែងអំណរគុណដល់ម្ចាស់ហាងខាងលើ និងបានបញ្ជាក់ថា នេះគឺជាការបង្ហាញពីទឹកចិត្តចេះស្រលាញ់គ្នា ក្នុងគ្រាលំបាក បើទោះបីខ្លួនត្រូវបាត់បង់ចំណូលក៏ពិតមែន ប៉ុន្ដែនៅបន្ដឧបត្ថម្ភដល់បុគ្គលិកដែលធ្លាប់បម្រើការនៅកន្លែងរបស់ខ្លួន។
តាមរយៈបណ្ដាញព័ត៌មាន Fresh News លោក ហែម ដារិទ្ធ បានអំពាវនាវដល់ម្ចាស់ផ្ទះជួល ម្ចាស់ហាង និងម្ចាស់ក្រុមហ៊ុនអចលនទ្រព្យទាំងអស់ ដែលកំពុងរកស៉ី នៅក្នុងខណ្ឌពោធិ៍សែនជ័យថា នៅក្នុងដំណាក់កាលនៃជំងឺកូវីដ១៩ សូមបន្ថូរបន្ថយដល់អតថិជនរបស់ខ្លួន ជាពិសេសម្ចាស់ផ្ទះជួល បើមិនបានជួយដោយអត់យកថ្លៃឈ្នួលរយៈពេល៣ខែទេ យ៉ាងហោចណាស់ ក៏សូមជួយបន្ថយត្រឹម៥០ភាគរយដែរ ព្រោះនេះគឺជាពេលវេលាមួយដ៏លំបាកបំផុត សម្រាប់ឲ្យយើងទាំងអស់គ្នារួបរួមគ្នា៕