(យូអិន)៖ ប្រធានក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ (UNSC) បានប្រកាសថា ការបោះឆ្នោតសម្រេច នូវដំណោះស្រាយ ប្រឆាំងកូរ៉េខាងជើង នឹងត្រូវធ្វើឡើងនៅថ្ងៃពុធ សប្តាហ៍នេះ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ពេលវេលា នៅកម្ពុជាដើម្បីឆ្លើយតបទៅនឹង ការបំផ្ទុះសាកល្បង គ្រាប់បែកអ៊ីដ្រូសែន និង ការបាញ់បង្ហោះផ្កាយរណប ដោយប្រើប្រាស់គ្រាប់រ៉ុក្កែត កាលពីខែមករា កន្លងទៅ។ នេះបើតាមផ្សាយរបស់ទីភ្នាក់ងារព័ត៌មានស៊ិនហួរ នៅថ្ងៃពុធ ទី០៣ ខែមីនា ឆ្នាំ២០១៦។
លោក អ៊ីស្មាអែល ហ្គាស្ប៉ា ម៉ាទីន (Ismael Gaspar Martins) ឯកអគ្គរដ្ឋទូតប្រទេសអង់ហ្គោឡា និងជា ប្រធានក្រុមប្រឹក្សាសន្តិសុខ យូអិនប្រចាំខែមីនា នេះ បានលើកឡើងដូច្នេះថា «យើងសង្ឃឹមថា ដំណោះស្រាយនឹងអាចសម្រេចចេញជាផ្លូវការនៅថ្ងៃស្អែក។ ឥឡូវនេះ សមាជិកក្រុមប្រឹក្សាទាំងអស់ ត្រូវបានអនុញ្ញាតឲ្យជជែកពីរឿងនេះ។»
គួរបញ្ជាក់ថា ទណ្ឌកម្មដែលគ្រោងដាក់លើកូរ៉េខាងជើងនោះ គឺជាទណ្ឌកម្មសេដ្ឋកិច្ច ដូចជាការហាមឃាត់ក្រុមហ៊ុន បរទេស មិនឲ្យទិញរ៉ែពីកូរ៉េខាងជើង ដោយសារតែវិស័យនេះជាប្រភពសំខាន់ដែលជួយទ្រទ្រង់សេដ្ឋកិច្ច ទីក្រុងព្យុងយ៉ាង តាំងពីដើមរៀងមក។ បន្ថែមពីនេះទៀត អន្តរជាតិ ក៏កំពុងគិតគូពីការកាត់ផ្តាច់ជំនួញផ្សេងៗ ដែលមិនផ្តល់ផល ប្រយោជន៍ដល់ប្រជាជនក្រីក្រ របស់កូរ៉េខាងជើងផងដែរ៕