(ភ្នំពេញ)៖ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៃក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីយុទ្ធនាការចាក់វ៉ាក់សាំង ស៉ីណូវ៉ាក់ (Sinovac) ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១។ នេះបើតាមសេចក្ដីជូនព័ត៌មានដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្ដិច។
តាមរយៈសេចក្ដីព័ត៌មាននេះ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានបញ្ជាក់ថា អនុវត្តន៍តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី គ.វ.ក-១៩ បានកំណត់ក្រុមគោលដៅ ដែលត្រូវចាក់វ៉ាក់សាំងសរុប ចំនួន៧៤៥,០០០នាក់ (សម្រាប់ចំនួនដូសទី១) សម្រាប់ចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (SINOVAC) ដោយត្រូវអនុវត្តន៍ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ជូនក្រុមមនុស្សដែលដល់វេនចាក់នាពេលនេះ មានដូចតទៅ៖
*ទី១៖ ក្រុមគ្រូពេទ្យ បុគ្គលិក និងមន្ត្រីសុខាភិបាលជួរមុខ (សេវារដ្ឋ និងសេវាសុខាភិបាលឯកជនស្របច្បាប់ និងដែលមានបញ្ជីឈ្មោះត្រឹមត្រូវ បានផ្ញើជូនគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ឬទៅមន្ទីរសុខាភិបាលរាជធានី-ខេត្ត រួចហើយ) ទាំងថ្នាក់ជាតិ និងក្រោម
ជាតិ ដែលពុំទាន់បានចាក់ពីមុន
*ទី២៖ រដ្ឋសភា ព្រឹទ្ធសភា និងក្រុមគ្រួសារ ដែលមានបញ្ជីឈ្មោះផ្ញើជូន គ.វ.ក-១៩ រួចហើយ
*ទី៣៖ អ្នកសារព័ត៌មានដែលពុំទាន់បានចាក់ពីមុន (ដែលមានបញ្ជីឈ្មោះត្រឹមត្រូវបានផ្ញើជូន គ.វ.ក-១៩ តាមរយៈក្រសួងព័ត៌មាន ឬទៅមន្ទីរសុខាភិបាលរាជធានី-ខេត្ត រួចហើយ)
*ទី៤៖ កងកម្លាំង និងមន្ត្រីមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលពុំទាន់បានចាក់ពីមុននៅតាមរាជធានី-ខេត្ត (ចាំបាច់ត្រូវមានបញ្ជីឈ្មោះរៀបចំ ដោយអាជ្ញាធររាជធានី-ខេត្តពាក់ព័ន្ធ)
*ទី៥៖ មន្ត្រីរាជការស៊ីវិល រួមទាំងបុគ្គលិកកិច្ចសន្យាទាំងអស់ នៅគ្រប់ក្រសួង ស្ថាប័ន នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំងសាស្ត្រាចារ្យ-គ្រូបង្រៀន នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលនានាទូទាំងប្រទេស (ដែលបានធ្វើសម្រង់បញ្ជីឈ្មោះ ដោយក្រសួងអប់រំ យុវជន និងកីឡា ដោយបានផ្ញើជូន គ.វ.ក-១៩ រួចហើយ)
*ទី៦៖ មន្ត្រី-បុគ្គលិកបម្រើការ នៃអគ្គិសនីកម្ពុជាទូទាំងប្រទេស នៃអាជ្ញាធរជាតិទាំងអស់ នៃគណៈមេធាវី នៃសាលាក្តីខ្មែរក្រហម នៃលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមហ៊ុនអាកាសចរនានា ដែលបានផ្ញើបញ្ជីឈ្មោះជូន គ.វ.ក-១៩ រួចហើយ
*ទី៧៖ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប កាណាឌីយ៉ាគ្រប ដែលបានផ្ញើបញ្ជីឈ្មោះជូន គ.វ.ក-១៩ រួចហើយ
*ទី៨៖ កម្មករ-កម្មការិនី នៅតាមរោងចក្រមួយចំនួន (ទៅតាមវេន) ដែលសម្របសម្រួលរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានផ្ញើជូន គ.វ.ក-១៩។
ខាងក្រោមនេះ ជាតារាងកម្មវិធីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមបណ្តាក្រសួង និងស្ថាប័នថ្នាក់ជាតិ៖